ក្រុងប៉ោយប៉ែត ៖ ឃាតករចំនួន ២នាក់ ដែលបានបាញ់សម្លាប់បុរសម្នាក់ ក្នុងរឿងស្នេហាត្រីកោណ ត្រូវបានកំលាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយក្រុមតម្រួតថៃ តាមចាប់ខ្លួនយកមកវិញ ដើម្បីប្រឈមមុខនឹងផ្លូវច្បាប់ បន្ទាប់ពី
ជនសង្ស័យទាំង ២នាក់នេះ បានរត់គេចខ្លួនទៅសំងំនៅក្នុងប្រទេសថៃ។
រយៈពេលប្រមាណ ៥ថ្ងៃកន្លងទៅថ្មីៗនេះ លោកស្នងការរង ជេត វណ្ណនី បានដឹកនាំកំលាំង ក្នុងនោះក៏មានលោក ឈឿង គឹមសុង នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចុះសហការជាមួយកំលាំងតម្រួតថៃ តាមរុករកមុខសញ្ញាសង្ស័យចំនួន២នាក់ ដែលជាឃាតករបាញ់សម្លាប់បុរសម្នាក់ ដែលមានមុខរបរជាអ្នកដឹកទឹកកកលក់ នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ ការបាញ់សម្លាប់ដោយគ្មានមូលហេតុនេះ គឺប្រភពជាច្រើនបានសន្និដ្ឋានថា អាចជារឿងស្នេហាត្រីកោណ ដោយសារតែជនរងគ្រោះ ទើបនឹងរៀបការថ្មោងថ្មី។
ហេតុការណ៍នេះកើតឡើងខណៈដែល មានរថយន្ដមួយគ្រឿង បានបើកមកឈប់ពាំងពីមុខរថយន្តដឹកទឹកកក ដើម្បីបាញ់សម្លាប់ ប្រព្រឹត្តឡើងនៅចំណុចវាលអន្ទង់ ស ក្នុងភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី ៥ខែសីហា ឆ្នាំ២០១៨ កន្លងទៅ។
ក្រោយពីចាប់ខ្លួនបាន គឺភាគីថៃបានធ្វើការប្រគល់ជនសង្ស័យទាំង២ នៅចំណុចច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ដោយជនសង្ស័យទាំង២រូបនេះ គឺ ១ឈ្មោះ ប៊ុន ពន្លក ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជានិស្សិតពេទ្យ ស្រុកកំណើត ភូមិ ត្រោក ឃុំប្រធាតុស្រុក កំពង់ត្របែង ខេត្តព្រៃវែង និង២ ឈ្មោះ ហួន វាសនា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរជាជាងជួសជុលរថយន្ត ស្រុកកំណើតនៅភូមិគ្រើល ឃុំអន្សោង ស្រុកកំពង់ត្របែង ខេត្តព្រៃវែង។
ពាក់ព័ន្ធនឹងបទឃាតកម្មដោយចេតនា គិតទុកជាមុននេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចថៃ ចាប់ខ្លួននៅខេត្តច័ន្ទបុរី កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ហើយបច្ចុប្បន្នជនសង្ស័យទាំង២ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួន ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការបន្តតាមនីតិវិធីច្បាប់៕