សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងសងថ្ងៃចូលឆ្នាំជូនកម្មករ និយោជិត មន្ត្រីរាជការ បុគ្គលិកឯកជន ចំនួន៥ថ្ងៃវិញនៅពេលខាងមុខនេះ។ បើតាមសម្តេច ការផ្តល់សងថ្ងៃឈប់សំរាក នឹងអាចធ្វើឡើងនៅចុងខែកក្កដា រឺដើមខែសីហានេះ។
នៅក្នុងសារជាសំលេងផ្ញើជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងកូវីដ១៩នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯ.ឧ អូន ព័ន្ធមុនីរ័ត្ន ធ្វើការកោះប្រជុំឲ្យបានឆាប់ ដើម្បីដោះស្រាយសងថ្ងៃឈប់សំរាកថ្ងៃចូលឆ្នាំជូនដល់មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតទូទាំងប្រទេស ដូចដែលរាជរដ្ឋាភិបាលបានសន្យានាពេលកន្លងទៅ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្អាកកម្មវិធីចូលឆ្នាំ ថ្មីប្រពៃណីជាតិកាលពីពាក់កណ្តាលខែមេសា កន្លងទៅ ដើម្បីទប់ស្កាត់ការ ឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយតម្រូវឲ្យមន្ត្រីរាជការ កម្មករ និយោជិត ធ្វើការធម្មតា។
ក្នុងសារជាសំលេង សម្តេចតេជោ បានបញ្ជាក់ថា ពេលនេះរាជរដ្ឋាភិបាល អាចគ្រប់គ្រងស្ថានភាពកូវីដ១៩បានល្អប្រសើរហើយ ហើយក៏សម ល្មមពេលវេលាសម្រាប់ផ្តល់សងថ្ងៃឈប់សំរាក៥ថ្ងៃជូនពួកគាត់វិញហើយ។ ក្រោយការឯកភាពគ្នា ឯ.ឧ ឧបនាយករដ្ឋមមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទីស្តីការ គណៈរដ្ឋមន្ត្រីនឹងរៀបចំចេញជាអនុក្រិត ដើម្បីកំណត់សងថ្ងៃឈប់សំរាកចំនួន៥ថ្ងៃ។ បើតាមសម្តេច ការផ្តល់ជូននេះ នឹងអាចធ្វើឡើងនៅចុងខែកក្កដា រឺដើមខែសីហានេះ។
ក្នុងសន្និសីទនៅវិមានសន្តិភាព កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ដោយតម្រូវឲ្យមន្ត្រីរាជការ ក្រុមហ៊ុនឯកជន រោងចក្រសហគ្រាស និងធនាគារ គឺធ្វើការធម្មតានៅថ្ងៃចូលឆ្នាំខ្មែរ នាថ្ងៃទី១៣-១៤-១៥ និង១៦ ខែមេសា។ នាពេលកន្លងទៅ សម្តេចក៏បានប្រកាសថា រដ្ឋនឹងសងវិញនូវថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃ នៅពេលដែលជំងឺកូវីដ១៩ស្រាកស្រាណ្តពីប្រទេសកម្ពុជា៕





