សម្តេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំទៅអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ ដើម្បីត្រៀមជួយសង្គ្រោះដំណាំកសិករ នៅពេលជួបគ្រោះមហន្តរាយធម្មជាតិ ពិសេសការបំផ្លាញដោយដង្កូវហ្វូងក្នុងពេលថ្មីៗនេះ។ ការណែនាំនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនអង្គប្រជុំគណៈរដ្ឋមន្ត្រីអំពីការផ្ទុះឡើងនូវសត្វល្អិតចង្រៃ ដែលកំពុងបង្កផលប៉ះពាល់ដល់ផលដំណាំប្រជាកសិករនៅតាមបណ្តាខេត្តមួយចំនួន។ រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើន ដើម្បីកាត់បន្ថយផលប៉ះពាល់ និងព្យាយាមការពារការរីករាលដាលទៅកាន់ទីកន្លែងដទៃ។
ជាមួយគ្នានេះ សម្តេចធិបតី បានណែនាំឱ្យគណៈកម្មាធិ ការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដី ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ពង្រឹងកិច្ចសហការក្នុងការចុះអន្តរាគមន៍ដល់ប្រជាជនរងគ្រោះ និងត្រូវគិតគូរលើភាពចាំបាច់នៃការផ្តល់ជំនួយ ដូចជា គ្រាប់ពូជ ឬធនធានចាំបាច់ដទៃទៀត ដល់ប្រជាកសិកររងគ្រោះ ដើម្បីឱ្យពួកគាត់អាចបន្តការដាំដុះឡើងវិញបាន។
ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី សូមឱ្យបណ្តាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅតាមទីតាំងដែលរងគ្រោះពីការផ្ទុះឡើងនូវសត្វ ល្អិតចង្រៃនេះ ពង្រឹងការចុះមូលដ្ឋានដើម្បីស្វែងយល់ពីផលប៉ះពាល់ជាក់ស្តែង ព្រមទាំងរាយការណ៍ និងលើកជាអនុសាសន៍ជាក់លាក់ជូនរាជរដ្ឋាភិបាលតាមការចាំបាច់។
សូមជំរាបថា គិតមដល់ពេលនេះ ផលដំណាំរបស់ប្រជាកសិករ ជាង២ម៉ឺនហិកតា នៅ១៥រាជធានី-ខេត្ត បានរងការបំផ្លាញដោយសារដង្កូវហ្វូងបានបំផ្លាញ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យដោយផ្ទាល់ និងបាន ដាក់ចេញវិធានការបន្ទាន់ ដើម្បីកម្ចាត់សត្វដង្កូវហ្វូងទាំងនោះ៕






