ក្រុងប៉ោយប៉ែត ៖ ស្ត្រីម្នាក់ត្រូវកម្លាំងនៃស្នការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហៅសួរនាំ បន្ទាប់ពីកុហកប្ដី និងសមត្ថកិច្ច ថាចោរប្លន់យកទ្រព្យសម្បតិ កាលពីរសៀលថ្ងៃទី២៣ និង២៤ ខែតុលា ឆ្នាំ២០១៨នេះ នៅភូមិបន្ទាយមានរិទ្ឋ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ស្ត្រីដែលកុហកប្ដី និងសមត្ថកិច្ចនោះ មានឈ្មោះ បុន ចន្តា អាយុ៣៧ឆ្នាំ ចំណែកប្ដីក្រោយឈ្មោះ ចាន់ ផាត អាយុ៤០ឆ្នាំ រស់នៅភូមិកើតហេតុ។
សមត្ថកិច្ចបញ្ជក់ថាស្ត្រីខាងលើ ពេលសួរនាំបានកុហកថាមានជនល្មើសមិនស្គាល់មុខចំនួន02នាក់ បិតមុខជិត ប្រដាប់ដោយអាវុធខ្លីចំនួន 01ដើម បានចូលក្នុងផ្ទះខ្លួន (បុន ចន្ថា) នៅភូមិខាងលើធ្វើសកម្មភាពភ្ជង់សំឡុតគំរាម មិនអោយខ្លួនស្រែក យកខ្សែភ្លើងចងដៃ និងយកស្គុតរុំមាត់ពីរនាក់កូនស្រី បន្ទាប់មកចូលទៅក្នុងបន្ទប់យកទ្រព្យសម្បត្តិអស់រួមមាន៖
– ខ្សែកមាស01ខ្សែ ទំងន់05ជី
– ខ្សែដៃមាស01ខ្សែ ទំងន់1តម្លឹង
– ចិញ្ជៀនមាស01វង់ ទំងន់05ជី
– ខ្សែដៃប្លាកទីន01ខ្សែ ទំងន់03ជី
– ខ្សែកប្លាកទីន01ខ្សែ ទំងន់4ជី7ហ៊ុន
– ចិញ្ជៀនប្លាកទីន01វង់ទំងន់02ជី
– ប្រាក់ថៃ 6000បាត
– ប្រាក់ខ្មែរ 7,000,000លានរៀល
រួចបាននាំគ្នារត់គេចខ្លួនទៅទិសខាងជើងបាត់។
លោកឧត្តមសេនីយ៏ត្រី សិទ្ធិ ឡោះ ស្នងការរងខេត្តបន្ទាយមានជ័យ ទទួលផែនព្រហ្មទណ្ឌ បញ្ជាក់ថាក្រោយពីទទួលបានព័ត៌មាន ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៏ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយមានកំលាំងលោកអធិការស្រុកថ្មពួក កម្លាំងវរៈ៨០៧ សហការជាមួយ PM ស្រុកថ្មពួក ចុះស្រាវជ្រាវករណីខាងលើនេះ លុះនៅល្ងាចថ្ងៃទី24 តុលា ឆ្នាំ2018 វេលាម៉ោង12.30នាទី ទើបដឹងមូលហេតុពិត។
ក្រោយពីការសួរនាំ និងការឆ្លើយសារភាពពីកូនស្រី និងស្ត្រីខាងលើ ថាខ្លួនបានយកខ្សែករមាស និងប្លាទិនសរុបចំនួន2តំឡឹង 9ជី 7ហ៊ុន ទៅលក់បញ្ចាំនៅហាងក្នុងផ្សារបឹងត្រកួន តំលៃសរុប30000បាត ដោយបានអោយកូនស្រីអាយុ13ឆ្នាំ និយាយកហុកប្តី និងសមត្ថកិច្ច ថាមានករណីចោរចូលប្លន់បន្ទប់ខ្លួន។ ក្រោយធ្វើការស្រាវជ្រាវដឹងរឿងហេតុចប់ កំលាំងយើងបានឲ្យសាម៉ីខ្លួនជនរងគ្រោះនិយាយសុំទោសជាសាធារណះ ថាមិនមែនជាករណីប្លន់ទេ គឺដោយសារខ្លួនជំពាក់បំណុលគេច្រើន កាលដែលខ្លួនការកូនស្រីកាលពីឆ្នាំទៅមិញ និងជំពាក់ធនាគារ ទើបបែកគំនិតកុហក់ប្ដី និងសមត្ថកិច្ច ដើម្បីយករួចខ្លួន។ លោកបន្ថែមថាស្ត្រីខាងលើ ក្រោយពីសុំទោសសមត្ថកិច្ច និងសាធារណ: ត្រូវបានអប់រំមិនឲ្យថ្ងៃក្រោយ មានករណីដូចខាងលើទៀតឡើយ៕ វណ្ណា






