នៅព្រឹកថ្ងៃពុធ ១៣ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកម្មវិធី ‘Deepening ASEAN-USAID Engagement through Partnership and Cooperation’ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអាស៊ាន នាយកទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំតំបន់អាស៊ី និងគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន ផងដែរ។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ភាពជាដៃគូយូរអង្វែង និងបានសំដែងសុទិដ្ឋិនិយមសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការ និងកិច្ចសហការប្រកបដោយជោគជ័យ។






