រាជធានីភ្នំពេញ ៖ អតីតតំណាងរាស្ត្រគណបក្សប្រឆាំង (CNRP) លោក អ៊ុ សំអាន ត្រូវបានព្រះមហាក្សត្រព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាបលើកលែងទោស នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ យោងតាមសំណើររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជក្រឹត្យត្រាស់បង្គាប់ មាត្រា១៖ ត្រូវបានលើកលែងទោសឲ្យទណ្ឌិតឈ្មោះ អ៊ុ សំអាន ភេទប្រុស អាយុ៤០ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទញុះញង់ ឲ្យមានការរើសអើង តាមអំណាចសាលដីកាលេខ ៥៤ ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ របស់តុលាការកំពូល។ ដីការបស់តុលាការក៏បានបញ្ជាក់ឲ្យដឹងទៀតថា តាមអំណាចព្រះរាជក្រឹត្យខាងលើឈ្មោះ អ៊ុ សំអាន កើតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២៩៧៦ ត្រូវបានលើកលែងទោស គប្បីធ្វើការ ដោះលែងឲ្យមានសេរីភាព។
គួររំលឹកថា លោក អ៊ុ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីរូបលោកត្រឡប់ពីសហរដ្ឋអាមេរិក ហើយបញ្ជូនមកកាន់ភ្នំពេញ។ បន្ទាប់មកលោក អ៊ុ សំអាន ត្រូវបានតុលាការចេញដីកាចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ (លេខ៥៤) សម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ៦ខែ និងពិន័យជាប្រាក់ចំនួន៤លានរៀល ក្រោមការចោទប្រកាន់ចំនួនពីរបទល្មើសគឺបទ (ញុះញង់ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទ៍ បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទ (ញុះញង់ឲ្យមានការរើសអើង) តាមមាត្រា៤៩៥ និង៤៩៦ នៃក្រមព្រហ្មទណ្ឌដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ តាមរយៈការសសេរ និងអត្ថាធិប្បាយចោទប្រកាន់រាជរដ្ឋាភិបាលពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម។
ដោយឡែកនៅវេលាម៉ោង៤រសៀល ថ្ងៃទី២៥ សីហានេះ នៅមុខពន្ធនាគារព្រៃស (ម១) ពុំឃើញមានវត្តមានសមាជិកបក្សប្រឆាំង ឬក្រុមគ្រួសារ រងចាំទទួលរូបលោកឡើយ។ ក្រោយពីសមត្ថកិច្ចរបស់ពន្ធនាគារ រៀបចំបំពេញបែបបទឯកសាររួច លោក អ៊ុ សំអាន ត្រូវបានចាក់ចេញពីពន្ធនាគារព្រៃស (ម១) តាមច្រកទ្វារធំខាងត្បូង តាមរថយន្ត១គ្រឿង ម៉ាកធុនត្រា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AL-2758 ឆ្ពោះដំណើរយ៉ាងលឿនទៅកាន់លំនៅដ្ឋាន ដោយមិនបានផ្តល់បទសម្ភាស ដល់អ្នកកាសែតឡើយ៕ សុខ ស៊ីថា






