ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកនៃកិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) នៅក្នុងឆ្នាំ២០២៥ បន្ទាប់ពីការធ្វើជាប្រធានអាស៊ានជាផ្លូវការរបស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៥ ក្រោមមូលបទ “បរិយាប័្នន និងនរន្តភាព/ Inclusivity and Sustainability”នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ៩ ខែមករា ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា។
ពិធីនេះ ក៏មានការចូលរួមពីតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងឯកអគ្គរដ្ឋទូតទីម័រខាងកើតប្រចាំអាស៊ាន។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានបញ្ជាក់ឡើងវិញអំពីការគាំទ្រឥតងាករេរបស់លេខាធិការដ្ឋានអាស៊ានចំពោះការងាររបស់ CPR ក្រោមការដឹកនាំរបស់ម៉ាឡេស៊ី នៅឆ្នាំ ២០២៥។
ឯកឧត្តម ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចការរបស់ CPR ក្នុងការជំរុញអាទិភាពរបស់អាស៊ាន និងពង្រឹងសមាហរណកម្មតំបន់ផងដែរ។






