
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករ ជាង ៨១៧ហិចតា នៅភូមិដីស ឃុំស្ទឹងត្រង់ និងភូមិស្រែអន្ទាក់ ស្រុកសាលាក្រៅ ដើម្បីអោយមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត រកដំណោះស្រាយ ធ្វើការបូមទឹកសង្គ្រោះ បានទាន់ពេលវេលា ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ចុះសិក្សាស្វែងយល់ដល់មូលដ្ឋាន ដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែង នូវរាល់ប្រភពទឹក ដើម្បីធ្វើយ៉ាងណាជួយអន្តរាគមន៍ បូម ឬ បញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ដែលប្រឈម និងការខូច ខាត ដោយសារខ្វះទឹក គឺមិនត្រូវទុកឲ្យមានការខូចខាត ដោយយើងមិនបានជួយពួកគាត់ឲ្យអស់លទ្ធភាពដែលមាននោះឡើយ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានសំនូមពរដល់បងប្អូនប្រជាកសិករ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យការងារជួយអន្តរាគមន៍សង្គ្រោះស្រូវ តាមរយៈការ បូម ឬបញ្ជូនទឹកបញ្ចូលស្រែ បានដោយរលូន ទាន់ពេលវេលា ប្រកបដោយសមធម៌ និងតម្លាភាព ដែលជាការរួមចំណែកលើកស្ទួយជីវភាពពលរដ្ឋ តាមរយៈវិស័យកសិកម្ម។
ប្រជាកសិករបានសំដែងនូវភាពរីករាយ និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំខេត្ត ដែលបានយកចិត្តទុកដាក់ក្នុងការជួយអន្តរា គមន៍រកដំណោះស្រាយ បញ្ហាស្រូវប្រាំងរបស់ពួកគាត់ ដែលកំពុងខ្វះខាតទឹក ព្រោះថាស្រូវរបស់ពួកគាត់ទើបតែចាប់ផ្តើមផើម បើដាក់ទឹកមិនទាន់ពេលវេលានោះទេ គឺអាចប្រឈមនឹងការខូចខាតទាំងស្រុង។
បើតាមការបញ្ជាក់របស់លោក ង៉ា លីហុង ប្រធានមន្ទីរធន ធានទឹក និងឧតុនិយមខេត្ត បានធ្វើអោយដឹងថា៖ ដោយសារប្រជាពលរដ្ឋ គាត់បានធ្វើស្រូវប្រាំងហួសពីលទ្ធភាពរបស់ប្រព័ន្ធធារាសាស្ត្រផ្គត់ផ្គង់ទឹក ទើបធ្វើអោយស្រូវរបស់ពួកគាត់មួយ ចំនួនខ្វះខាតទឹក ហើយកន្លងមក ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិតអភិបាលខេត្ត មន្ទីរធនធាន ទឹក និងឧត្តុនិយមខេត្ត បានយកគ្រឿងចក្រទៅទប់ទឹកទុកនៅតាមអូរ សម្រាប់ឱ្យប្រជាកសិករដាំបន្លែ ក្នុងឃុំស្ទឹងត្រង់ មានទឹកសម្រាប់ស្រោចស្រពដំណាំបន្លែរបស់ពួកគាត់ឡើងវិញ ចំណែកស្រូវប្រាំងដែលកំពុងខ្វះខាតទឹកនាពេលនេះ មន្ទីរកំពុងរកដំណោះស្រាយ ធ្វើការបូមទឹកជួយសង្គ្រោះអោយបានទាន់វេលា ៕អត្ថបទ សេង សុវណ្ណារិទ្ធ
