សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាទៅ ឯ.ឧ ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង តាមរយៈឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិនឲ្យចុះទៅជួបប្រជាពលរដ្ឋ ដែលគាត់អះអាងថា បានបាត់ដីទៅខាងភាគីវៀតណាម ដើម្បីឲ្យគណៈកម្មាធិការព្រំដែនចុះស្វែងរកការពិតឲ្យបានច្បាស់លាស់។
ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំឆមាសទី៤ ជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅវិមានសន្តិភាព។

បញ្ហាព្រំដែនរវាងកម្ពុជា និងប្រទេសវៀតណាម បានក្លាយជាប្រធានស្នួលនៃកិច្ចប្រជុំប្រចាំឆមាសលើកទី៤ របស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅព្រឹកម៉ិញនេះ។
ថ្លែងនៅក្នុងសន្និសីទកាសែត នៅក្រោយកិច្ចប្រជុំ ឯ.ឧ ឈឹម ផលវរុណ ប្រធានលេខខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបើកឲ្យប្រជាពលរដ្ឋ រឺក្រុមប្រជាពលរដ្ឋ ដាក់លិខិតស្នើសុំមកគណៈកម្មការធិការព្រំដែន ដើម្បីពន្យល់បកស្រាយរឿងចម្ងល់ទាក់ទងនឹងបញ្ហាព្រំដែន។
បញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាម តែងតែត្រូវបានអតីតគណបក្សប្រឆាំងលើក យកមកជាប្រធានបទ ដើម្បីញុះញង់ ឲ្យប្រជាពលរដ្ឋផ្តួលរំលំរាជរដ្ឋាភិបាល។ ឯ.ឧ បណ្ឌិត ឈឹម ផលវរុណបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាទៅ ឯ.ឧ ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង តាមរយៈឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ឲ្យចុះទៅជួបប្រជាពលរដ្ឋ ដែលគាត់អះអាងថា បានបាត់ដីទៅខាងភាគីវៀតណាម ដើម្បីឲ្យគណៈកម្មាធិការព្រំដែនចុះស្វែងរកការពិតឲ្យបានច្បាស់លាស់។

កាលពីសប្តាហ៏មុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានព្រមានចាប់ខ្លួនបន្ថែមទៀត អ្នកទាំងឡាយ ដែលចោទថា ការដោះដូរដីជាមួយវៀតណាមជារឿង«ក្បត់ជាតិ»។
សម្តេចបញ្ជាក់ថា រឿងបញ្ហាព្រំដែន មិនមែនជាបញ្ហាលេង សើចទេ ហេតុដូច្នេះ កុំឲ្យយកបញ្ហានេះទៅលលេង ឬនិយាយញុះញង់ ព្រោះវាអាចបណ្ដាលឲ្យកើតសង្គ្រាមរវាងប្រទេសនិងប្រទេសបាន។
ជុំវិញបញ្ហាព្រំដែននេះហើយ មកដល់ពេលនេះមនុស្សចំនួនពីរនាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទញុះញង់ និងបំភ្លៃការពិតពាក់ព័ន្ធនឹងរឿងព្រំដែន។
សូមជម្រាបថា កម្ពុជា-វៀតណាម មានព្រំប្រទល់ដីគោលជាប់គ្នាប្រវែង១២៧០គីឡូម៉ែត្រ ហើយមកដល់ពេលនេះ នៅសល់១៦ភាគរយទៀត ដែលកម្ពុជាមិនទាន់ឯកភាពជាមួយវៀតណាមឲ្យបោះបញ្ចប់ ដោយរង់ចាំភាគីបារាំងគូសចម្លងផែនមាត្រដ្ឋានផែនទីពីខ្នាត១ លើ១០០ពាន់ ទៅជាខ្នាត១ លើ៥០ពាន់វិញ៕
សំ វណ្ណា






