ខេត្តព្រះសីហនុ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ទឹកកខ្វក់ ឬទឹកស្អុយ ដែលកន្លងមកបានហូរចូលសមុទ្រ ដោយមិនឆ្លងកាត់អាចម្រោះទឹកស្អាតជាមុន ទំនងជាលែងមានបញ្ហាចោទទៀតហើយ ព្រោះថាពេលនេះ រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ បានសាងសង់ស្ថានីយ៍បូមទឹកស្អុយបណ្ដាក់ ចំនួន៥កន្លែងផ្សេងៗគ្នា នាទីប្រជុំជនក្រុងព្រះសីហនុ ដើម្បីបំលែង ឬចម្រោះទឹកស្អុយជាមុន មុននឹងឱ្យហូរចូលទៅក្នុងសមុទ្រ។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានឆ្លៀតយកពេលវេលាកណ្តាលថ្ងៃត្រង់ កាលពីថ្ងៃទី១៨ ខែធ្នូ ម្សិលមិញនេះ ចុះទៅពិនិត្យមើល សកម្មភាព នៃការសាងសង់ស្ថានីយ៍បូមទឹកស្អុយបណ្ដាក់១កន្លែង ក្នុងចំណោម៥កន្លែង មានទីតាំងនៅខាងក្រោយសណ្ឋាគារសុខា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ផ្តល់សម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ឯកឧត្តម យន្ត មីន បានឱ្យដឹងថា ការបង្កើតឱ្យមានស្ថានីយ៍បូមទឹកកខ្វក់ ឬទឹកស្អុយបណ្ដាក់ខាងលើនេះ ប្រយោជន៍ដើម្បីបញ្ជៀសការហូរទឹកស្អុយដោយត្រង់ ចូលទៅក្នុងសមុទ្រទាំងស្រុង ដោយមិនបានឆ្លងកាត់អាងចម្រោះទឹកស្អាតជាមុននោះ។
ឯកឧត្តម យន្ត មីន ឱ្យដឹងដូច្នេះ រួចបញ្ជាក់ថា ស្ថានីយ៍បូមទឹកសំអុយបណ្ដាក់ទាំងនេះ គឺនឹងបូមទឹកស្អុយបន្តគ្នា នាំទៅអាងប្រព្រឹត្តិកម្ម ចម្រោះ នៅចុងឆ្នេរអូរឈើទាល ខាងក្រោយទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដែលអាងចម្រោះនេះ បានស្ថាបនាដោយជំនួយ អេឌីប៊ី (ADB) នៅក្នុងអំឡុងឆ្នាំ២០០០។
ផ្តើមពីបញ្ហានេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានជំនឿថា ក្រោយបញ្ចប់ការសាងសង់ស្ថានីយ៍បូមទឹកស្អុយបណ្ដាក់ខាងលើនេះរួចរាល់ អាចនឹងកាត់បន្ថយការហូរទឹកស្អុយ ហូរចូលសមុទ្របានជាង៩០% នៅរដូវប្រាំង ប៉ុន្តែចំពោះនៅរដូវវស្សាវិញ គឺមិនអាចកាត់បន្ថយការហូរទឹកស្អុយចូលសមុទ្រស្ទើរទាំងស្រុង ដូចខែប្រាំងនោះទេ។
ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា ដើម្បីបញ្ជៀសមិនឱ្យមានទឹកស្អុយហូរចូលសមុទ្រឱ្យបាន១០០% ទាល់តែផ្នែកពាក់ព័ន្ធ ឬរដ្ឋបាលខេត្ត រៀបចំគម្រោងឱ្យបានត្រឹមត្រូវជាមុន ពោលគឺត្រូវតម្រូវឱ្យគ្រប់គេហដ្ឋាន និងម្ចាស់អាជីវកម្មខ្នាតតូចទាំងអស់ ត្រូវឱ្យមានធុងចម្រោះ (សិបទិកថែង Septic Tank) នៅតាមទីតាំងនីមួយៗ មុននឹងបង្ហូរទឹកកខ្វល់ ឬទឹកស្អុយចូលទៅសមុទ្រ។
ឯកឧត្តម យន្ត មីន បន្តថា ចំពោះភោជនីយដ្ឋាន ផ្ទះសំណាក់ និងសណ្ឋាគារធំៗ ដែលស្ថិតនៅជិតឆ្នេរសមុទ្រ ក៏តម្រូវឱ្យមានការសាងសង់អាងប្រព្រឹត្តិកម្មដោយខ្លួនឯងឱ្យបានត្រឹមត្រូវ និងត្រូវចូលរួមសហការការពារអនាម័យបរិស្ថាន ជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ដោយការទទួលខុសត្រូវខ្ពស់។ ត្រង់ចំណុចនេះ ឯកឧត្តម យន្ត មីន បានសង្កត់ធ្ងន់ថា ប្រសិនបើម្ចាស់អាជីវកម្មខ្នាតធំទាំងនោះមិនចូលរួមសហការទេ ម្ចាស់អាជីវកម្មនីមួយៗ នឹងទទួលការពិន័យ ដោយផ្អាកមិនឱ្យបើកធ្វើអាជីវកម្មជាទៀតទេ៕ មនោរៀ






