នៅក្នុងការថ្លែងសារពិសេសជូនពលរដ្ឋ ទាក់ទិនទៅនឹងក្រប ខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា- ឡាវ-វៀតណាម (CLV DTA) នារសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់អ្នកនៅក្នុងប្រទេសកម្ពុជា ហើយញុះញង់ បំភ្លៃការពិត ពាក់ព័ន្ធនឹងរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់។
សម្ដេចតេជោ បានប្រាប់ទៅកាន់អ្នកបំភ្លៃការពិតពីក្រៅប្រទេសថា សម្ដីរបស់អ្នកទាំងនោះ អាចឱ្យអ្នកនៅក្នុងប្រទេសជាប់ពន្ធនាគារបាន។ ជាមួយគ្នានេះ សម្ដេចតេជោ បានស្នើដាក់ទោសឱ្យធ្ងន់ធ្ងរ ព្រោះការបំភ្លៃមួយចំនួនខុសពីការពិតទាំងស្រុង។
សូមបញ្ជាក់ថា តំបន់ត្រីកោណអភិវឌ្ឍន៍ CLV បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តួចផ្តើមឡើង ។
CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា៕






