ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំអោយរដ្ឋបាលរាជធានីភ្នំពេញ បង្កើតក្រុម ការងារមួយ ដោយចាត់អោយប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើជាប្រធាន ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៅលើក្រុមហ៊ុនឯកជនដែលទទួលម៉ៅការសាងសង់លូ ប្រឡាយ រំដោះទឹក ឱ្យប្រសើរឡើងវិញ នូវការជន់លិច ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ការណែនាំបែបនេះបានធ្វើឡើង ខណៈ ឯកឧត្តមឃួង ស្រេង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុវត្តគម្រោង វិនិយោគហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីធ្វើឱ្យប្រសើរឡើងវិញ នូវការជន់លិច ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍ឡើងឡើងថា៖ គម្រោង រំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី ដើម្បីធ្វើឱ្យប្រសើរឡើងវិញ នូវការជន់លិច ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ គម្រោងនេះនឹងប្រើប្រាស់ពេលវេលានៃការស្ថាបនាឡើងក្នុងរយៈពេល៥ ឆ្នាំ ដែលមានចំនួន៥០គម្រោងសំរាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ឯកឧត្តមឃួង ស្រេង បន្តថា គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលផ្តល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នេះ មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវយកអស់កម្លាំងកាយចិត្ត អនុវត្តអោយបានជោគជ័យ ពោលគឺយ៉ាងហោចណាស់២សប្តាហ៍ត្រូវធ្វើរបាយការណ៍ពីវឌ្ឍនៈភាពការងារនេះ មករដ្ឋបាលរាជធានីភ្នំពេញម្តង។
ក្នុងនោះដែរ ឯកឧត្តមអភិបាល ក៏បានណែនាំដល់ក្រុមហ៊ុនទាំងអស់ដែលទទួលអនុវត្តការងារគម្រោងរំដោះទឹកចេញពីរាជធានីភ្នំពេញត្រូវទទួលខុសត្រូវតាមកិច្ចសន្យារបស់ខ្លួនពីពោះក្រុមហ៊ុនសុទ្ធតែបានដេញថ្លៃនៅក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុផ្ទាល់។
ឯកឧត្តមថា ក្រោយគម្រោងនេះបានបញ្ជប់ យើងអាចលក់ស្រួល នៅ ពេលភ្លៀងធ្លាក់ម្តងៗ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា៖ គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញខាងលើនេះ មានចំនួន៥០គម្រោង ហើយគម្រោងដែលត្រូវអនុវត្តមានចំនួន២៨ គម្រោងនិង១៥គម្រោងទៀត កំពុងដោះស្រាយផលប៉ះពាល់ ពិសេស(តំបន់បឹងត្របែក)។
ចំណែក៧គម្រោងទៀតស្ថិតក្នុងគម្រោងបញ្ជាទិញ មិនទាន់មកដល់។ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក សាំ ពិសិដ្ឋ បានបង្ហើបថា គម្រោងដែលស្ថិតក្នុងផលប៉ះពាល់នោះ គឺមានប្រជាពលរដ្ឋ១៣១ខ្នងផ្ទះស្មើនិង១០០ ភាគរយនៅបឹងត្របែក បានដោះស្រាយបញ្ចប់ហើយ ដោយពួកគាត់បានទទួលយកសំណងពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាថ្នូរនៃការរុះរើលំនៅដ្ឋានចេញដោយស្ម័ក្រចិត្ត ចេញពីផលប៉ះពាល់នៃគម្រោងនេះ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា ក្នុងគម្រោងដែលកំពុងអនុវត្តទាំង២៨គម្រោងនេះបបានចាប់ផ្តើមអនុវត្តការងារកាលពីថ្ងៃទី០៧ ឧសភាឆ្នាំ២០២៤ គិតមកដល់ពេលនេះមានរយៈពេល ៩៧ថ្ងៃហើយ ដោយជាលទ្ធផលសម្រេចបានចំនួន១២,១៧% ហើយក្នុងផែនការយើងផ្តោតសំខាន់លើតំបន់៤ធំៗ ដែលត្រូវធ្វើអោយប្រសើរឡើង នៅក្នុងនោះទី១ តំបន់បឹងទំពន់និងបឹងសាឡាង ទី២ តំបន់បឹងត្របែក ទី៣ តំបន់ខាងត្បូងឈាងខាងកើតប្រលានយន្តហោះភ្នំពេញនិងទី៤ តំបន់ខាងជើងរាជធានីភ្នំពេញ៕
ពិសិដ្ឋ






