ថ្ងៃទិវាដំរីពិភពលោក ១២ សីហា ក្រសួងបរិស្ថាន បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការថែរក្សាអភិរក្សសត្វដំរី និងផ្តល់នូវទីជម្រកសុខសាន្តដោយគ្មានការគំរាមកំហែងពីការបរបាញ់ កាត់បន្ថយជម្លោះរវាងមនុស្ស និងដំរី។ វត្តមានកូនដំរីតូចៗក្នុងព្រៃធម្មជាតិបង្ហាញពីក្តីសង្ឃឹមនៃកំណើនសត្វដំរីក្នុងព្រៃធម្មជាតិ។
ក្នុងសន្និសីទសារព័ត៌មានអំពីអន្ទាក់សូន្យ នៅខេត្តកំពង់ធំ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា កម្ពុជាបច្ចុប្បន្ននេះ មានដំរីអាស៊ីចន្លោះពី ៤០០ ទៅ ៦០០ ក្បាលដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប (តំបន់ព្រៃឡង់) និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។
ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួនប្រមាណជាង ៧០ក្បាល។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា «ដំរីអាស៊ីកំពុងរងការគំរាមកំហែងនៅលើសកលលោកដោយសារតែនៅតែមានការបរបាញ់ ការដាក់អន្ទាក់ ជម្លោះរវាងមនុស្ស និងសត្វដំរី និងការចាប់ផ្ស៊ាំយកមកចិញ្ចឹមក្នុងស្រុក ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារ និងអភិរក្សសត្វដំរីឱ្យបានគង់វង្ស»។
យោងតាមទិន្ន ន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបានដាក់នៅក្នុងតំបន់ ការពារធម្មជាតិនានាបានរកឃើញថា ដំរីអាស៊ីបានរស់នៅជាហ្វូងនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ហើយមានឃើញកូនតូចៗជាច្រើនថែមទៀត។
យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញក្នុងរយៈ ពេល៦០ ទៅ ៧០ឆ្នាំចុងក្រោយនេះចំនួនដំរីអាស៊ីនៅលើពិភពលោក បានថយចុះប្រហែលជា ៥០ភាគរយ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត ៩០ ភាគរយ។ ក្នុង ចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩ ៤៦៣ ក្បាលទៅ ៤៧ ៤២៧ក្បាល ដែលកំពុងរស់នៅក្នុងព្រៃសត្វថ្ងៃ ក្នុងនោះប្រហែល ៧៥ ភាគរយរស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។
ដំរីអាស៊ីត្រូវបានចាត់ទុកថាជាប្រភេទសត្វបង្គោលដ៏សំខាន់ដោយសារសារៈសំខាន់ផ្នែកវប្បធម៌តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលដែលអាចការពារប្រភេទសត្វផ្សេងទៀតនៅក្នុងដែនជម្រករបស់វា។
យោងតាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល ១០ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះត្រូវការថវិកាចំនួន ៤០,៥លានដុល្លារសហរដ្ឋអាមេរិកដែលជាគម្រោងថវិការំពឹងថា នឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបង្ហាញសុទិដ្ឋិនិយមថាជាមួយនឹងផែនការអភិរក្សសត្វដំរី ការដោះស្រាយជម្លោះរវាងមនុស្សនិងដំរី និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ លើការងារការពារនិងអភិរក្សតំបន់ការពារធម្មជាតិ នោះនឹងកាន់តែធ្វើឱ្យទីជម្រករបស់សត្ចដំរីកាន់តែមាន សុវត្ថិភាពរួមនឹងការយល់ដឹងនិងការចូលរួមអភិរក្សពីសំណាក់ប្រជាពលរដ្ឋផងដែរ។
ក្រៅពីក្របខណ្ឌអភិរក្ស រាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ និងលើកឡើងថា គ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើការងាររួមគ្នាដើម្បីលុបបំបាត់ការជួញដូរខុសច្បាប់នេះ៕






