(ខេត្តព្រៃវែង,ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១): រហូតមកដល់ពេលនេះអ្នកដែលប៉ះ ពាល់ផ្ទាល់ចំនួន9នាក់និងអ្នកប្រយោលជាច្រើននាក់ នៃករណីពាក់ព័ន្ធជាមួយ ស្ត្រីនគរបាលជាតិម្នាក់មានវិជ្ជមានកូវីដ-19ដែលបានមកចូលរួមក្នុងពិធីមង្គលការ មួយកន្លែងនៅភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2021កន្លងទៅ បានយកកំហាកទៅពិនិត្យបានមួយលើកហើយ គឺអវិជ្ជមានទាំងអស់។នេះបើតាមការបញ្ជាក់អោយដឹងពីលោក ឈាង សុណ្ណារ៉ា ប្រធានរដ្ឋបាលខេត្តព្រៃវែង បានប្រាប់ភ្នាក់ងារទូរទស្សន៍អាស៊ីអាគ្នេយ៍តាមទូរស័ព្ទនៅព្រឹកថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2021 ។
លោក បញ្ជាក់បន្ថែមថា តាមការផ្តល់ព័ត៌មានពីអាជ្ញាធររាជធានីភ្នំពេញថា មានស្ត្រីនគរបាលជាតិម្នាក់ឈ្មោះ ល.ស.ផ អាយុ35ឆ្នាំ ស្នាក់នៅខុនដូ Skyline Dumex វិជ្ជមានកូវីដ-19នៅថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2021 ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រឆាំងរោគរបេងរាជធានីភ្នំពេញ។ក្រោយសួរនាំទើបដឹងថា ស្ត្រីនេះនិងមិត្តភក្តិសរុប5នាក់ទៀត បានទៅពីភ្នំពេញមកចូលរួមពិធីមង្គលការមួយនៅភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2021 ចាប់ពីវេលាម៉ោង12ថ្ងៃត្រង់រហូតដល់ម៉ោងប្រហែល4ល្ងាចក៏ត្រឡប់ទៅភ្នំពេញវិញ។
បន្ទាប់ទទួលបានព័ត៌មាននេះអាជ្ញាធរខេត្ត បានចុះស្រាវជ្រាវរកឃើញអ្នកប៉ះពាល់ផ្ទាល់ជាមួយស្ត្រីនោះចំនួន9នាក់យកមកដាក់ធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សា ស ខេង ទួលសង្កែទទឹង និងចុងប៉មមុខសាលាខេត្តព្រៃវែង រហូតមកដល់ថ្ងៃទី24 ខែកុម្ភៈ នេះបានយកកំហាកទៅពិនិត្យនៅបាស្ទ័រម្តងរួចរាល់ហើយគឺអវិជ្ជមានទាំងអស់។ដោយឡែកអ្នកប៉ះពាល់ដោយប្រយោលជាច្រើនទៀតក៏អវិជ្ជមានដែរ។តែទោះ ជាយ៉ាងណាការយកកំហាកទៅពិនិត្យមាន3ដង។
លោកប្រធានរដ្ឋបាលខេត្តបន្តថា ចាប់តាំងពីផ្ទុះជំងឺកូវីដ-19លើកដំបូងមក រហូតមកដល់ពេលនេះ ខេត្តព្រៃវែងបានធ្វើចត្តាឡីស័កជាបន្តបន្ទាប់មានមនុស្សរាប់រយនាក់ហើយ តែពុំមានអ្នកឆ្លងជំងឺកូវីដ-19នោះឡើយ។ចំពោះអ្នកពាក់ព័ន្ធករណីនេះអាជ្ញាធរបានអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជាប្រចាំ ដូច្នេះអាជ្ញាធរខេត្តព្រៃវែងបានមានវិធានការផ្អាកអាជីវកម្មក្លិបកម្សាន្ត ខារ៉ាអូខេ ។
តែចំពោះកម្មវិធីការឬបុណ្យផ្សេងៗនិងសាលារៀន ដំណើរការជាធម្មតា ដោយណែនាំអោយគាត់រៀបភ្ញៀវអង្គុយ១តុតែ៥នាក់ គម្លាតពីគ្នា១ម៉ែត្រកន្លះ និងមានពិនិត្យកម្តៅ ម៉ាស៊ីនបាញ់អាកុលអោយភ្ញៀវ។ រីឯសាលារៀនគឺបិទតែសាលាបឋមសិក្សាទួលសង្កែទទឹងកន្លៃងពាក់ព័ន្ធនោះមួយទេ ព្រោះម្ចាស់ដើមការគាត់ជាគ្រូបង្រៀន ហើយមានលោកគ្រូអ្នកគ្រូទៅចូលរួមមង្គលការនោះដែរ៕
ដោយ៖ស៊ឹម សាន់(កែសម្រួលដោយ មណ្ឌល កែវ)






