
កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា ស្តីអំពីកិច្ចសហ ប្រតិបត្តិការរវាងចិននិងកម្ពុជា ក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសCOVID-19 និងកិច្ចសហប្រតិបត្តិការផ្សេងទៀត ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុស COVID-19 នេះមក ប្រទេសទាំងពីរចិននិងកម្ពុជា បានជួយយកអាសារគ្នាទៅវិញទៅមក និងបានជម្នះរាល់ឧបសគ្គជាមួយគ្នា បង្កើតបានជាគំរូនៃកិច្ចសហប្រតិបត្តិការទប់ស្កាត់នឹងជំងឺវីរុសសម្រាប់សហគមន៍អន្តរជាតិ ហើចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរនេះ ត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀតបន្ទាប់ពីឆ្លងកាត់ការលំបាកទាំងនេះ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជា នៅលើ FB Page ផ្លូវការណ៍របស់ខ្លូននាព្រឹកថ្ងៃទី ២៧ សីហា ២០២០នេះ។
ឯកឧត្តម Wang Wentian បានបង្ហាញថា ជំងឺវីរុសគ្មានព្រំដែន វាជាបញ្ហាប្រឈមជាទូទៅមួយសម្រាប់មនុស្សជាតិទាំងឡាយ។ នៅចំពោះមុខការផ្ទុះឡើងភ្លាមៗរបស់ជំងឺវីរុសមួយនេះ ការសិក្សាពីគ្នា និងជួយគ្នាទៅវិញទៅមក គឺជាអត្ថន័យដែលមាននៅក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសមួយនេះ សម្រាប់កិច្ចសហប្រតិបត្តិការសហគមន៍អន្តរជាតិ។
ការសហការសាមគ្គីគ្នារវាងប្រទេសទាំងពីរ ក្នុងដំណើរកិច្ចទប់ស្កាត់នឹងជំងឺវីរុស គឺជាសក្ខីភាពដ៏ល្អប្រសើរបំផុតសម្រាប់សហគមន៍ជោគវាសនារួម និងការរួមសុខទុក្ខលើក្បូនតែមួយ របស់មនុស្សជាតិទាំងឡាយ។
ឯកឧត្តម Wang Wentian បានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍លើកទី ១ នៃការចុះហត្ថលេខា អនុវត្តផែនការសកម្មភាពកសាងសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជា។
ភាគីចិនរីករាយបន្តខិតខំប្រឹងប្រែងជាមួយភាគីកម្ពុជា ដើម្បីសម្របសម្រួលជំរុញកិច្ចការពារសម្រាប់ជំងឺវីរុសមួយនេះ និងដំណើរការសាជាថ្មីនៃសកម្មភាពផលិតកម្ម បន្តអនុវត្តផែនការសកម្មភាពកសាងសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ ដើម្បីទទួលបានការអភិវឌ្ឍន៍កាន់តែធំនិងកាន់តែឆាប់រហ័សក្នុងយុគសម័យថ្មីនេះ៕
មៀច សំអាត