កម្លាំងសមត្ថកិច្ចបានបញ្ជូនបុរសម្នាក់ឈ្មោះ ស៊ាង ខេង ភេទប្រុស អាយុ ៥១ឆ្នាំ កម្មករយកជ័រកៅស៊ូ ជាប់ចោទពីបទប្រើអំពើហិង្សាយ៉ាងចាស់ដៃ មកបើប្រពន្ធ នៅក្នុងចំការកៅស៊ូវាល៧០ ភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ មកកាន់អយ្យការអមសាលាដំបូងខេត្ដ កាលពីព្រឹកថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៨នេះ ដើម្បីចាត់ការបន្ដតាមនិតិវិធីច្បាប់។
លោកវីរសេនីយ៍ត្រី វ៉ា សម្បត្ដិ អធិការរងនគរបាលស្រុកក្រូចឆ្មារ ទទួលផែនព្រហ្មទណ្ឌបានប្រាប់ឲ្យដឹងថា នេះជាលើកទីមួយហើយ ដែលហេតុការណ៍ឃោឃៅដូចនេះកើតឡើងនៅស្រុក ភូមិរបស់លោក។ ដោយដើមហេតុពីដំបូងគឺថា បុរសជាប់ចោទនេះបានយកស្រ្ដីរងគ្រោះមេម៉ាយកូនមួយ (សុំមិនបញ្ចេញឈ្មោះ) ជាប្ដីប្រពន្ធជាង៣ឆ្នាំមកហើយ ដោយប្រកបរបរជាជ័រកៅស៊ូ នៅចំការរបស់ខ្លួនកន្លះហិចតា ក្នុងភូមិ ឃុំខាងលើ។
លោកអធិការរងនគរបាលស្រុកក្រូចឆ្មារ បានបន្ដថា បុរសជាប្ដីបានឲ្យប្រពន្ធទៅប្រកបរបររកស៊ីផ្លូវភេទ២ ទៅ៣ខែមកហើយ ដើម្បីយកលុយមកដោះស្រាយជីវភាពគ្រួសារ ឯខ្លួនទៅរត់ម៉ូតូឌុបនៅក្រុងសួង។ រហូតដល់ថ្ងៃទី២៣ កក្កដា ក្នុងចំការទីតាំងខាងលើ បុរសជាប្ដីបានសួរនាំប្រពន្ធពីការទទួលភ្ញៀវ ហើយខាងស្រ្ដីរងគ្រោះក៏ប្រាប់ត្រង់ថា មានភ្ញៀវមួយចំនួនរួមភេទដោយមិនបានប្រើស្រោមការពារ។ គ្រាន់តែលឺបែបនេះ បុរសជាប្ដីបានទះកំផ្លៀងប្រពន្ធមួយដៃ និងបានយកច្រវ៉ាក់ចងជើងម្ខាងនៅក្រោមផ្ទះ ជើងម្ខាងនៅលើរនាប់ផ្ទះ រួចយកអង្រែរបុកគ្រឿងមកវាយក្បាលជង្គង់ប្រពន្ធសងខាង។
លោកវីរសេនីយ៍ត្រី វ៉ា សម្បត្ដិ អធិការរងនគរបាលស្រុកក្រូចឆ្មារ បានបញ្ជាក់បន្ដថា ក្រោយពីបានវាយធ្វើបាបប្រពន្ធហើយ ខ្លួនក៏ឡើងលើផ្ទះដេកលក់បាត់។ លុះម៉ោង១២ថ្ងៃត្រង់់ នារីរងគ្រោះក៏បានលួចស្រាយចំណង ចុះពីលើផ្ទះថ្នមៗ មកពួនក្នុងព្រៃចំការដំឡូង។ រហូតដល់ល្ងាចថ្ងៃទី២៣ កក្កដា សមត្ថកិច្ចបានដឹងពីករណីនេះ និងដោយទទួលបញ្ជារពីលោកអធិការនគរបាលស្រុកក្រូចឆ្មារ ក៏ដូចជាស្នងការនគរបាលខេត្ដ បានចាត់កម្លាំងឲ្យទៅកន្លែងកើតហេតុ បានចាប់ខ្លួនបុរសជាប្ដី។
រហូតមកដល់ព្រឹកទី២៥ កក្កដា ក៏បានបញ្ជូនបុរសម្នាក់នេះ ទៅអយ្យកាអមសាលាដំបូងខេត្ដចាត់ការតាមនិតីវិធីច្បាប់។ ឯស្រ្ដីជាប្រពន្ធត្រូវបានសមត្ថកិច្ច នាំយកទៅជួយសង្រ្គោះ នៅមន្ទីពេទ្យបង្អែកស្រុកក្រូចឆ្មារ៕









