សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា មានជំនឿជឿជាក់ថា ក្នុងអាណតិ្តបេសកកម្មការទូតរបស់ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត ឯកឧត្ត មនឹងបន្តថែរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ និងបន្តខិតខំជំរុញបន្ថែមទៀត។
នៅក្នុងឱកាសអនុញ្ញាតិ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នៅថ្ងៃទី០៤ មេសានេះសម្តេចប្រធានព្រឹទ្ធសភា សាយ ឈុំ បានបង្ហាញនូវជំនឿជឿជាក់ថា ក្នុងអាណតិ្តបេសកកម្មការទូតរបស់ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត ឯកឧត្តមនឹងបន្តថែរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ និងបន្តខិតខំជំរុញបន្ថែមទៀត នៃទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរជាងនេះថែមទៀត ដែលនាំមកនូវគុណប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជនកម្ពុជា និង ប្រជាជនអូស្រ្តាលីទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។
ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត បានបញ្ជាក់ថា ធ្លាប់បានបម្រើការងារនៅស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជាអស់រយៈពេល២០ឆ្នាំកន្លងមកហើយ។
ឆ្នាំនេះ គឺជាលើកទី២ របស់ឯកឧត្តមដែលមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដែលជាប្រទេសមួយមានប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយ និងមានវប្បធម៌ដ៏សម្បូរបែប មានប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។
ឯកឧត្តម ឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍ និងរីកចម្រើនរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលជាង១៥ឆ្នាំកន្លងទៅនេះ លើវិស័យការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេ សកាអភិវឌ្ឍទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។
ឯកឧត្តមបានបញ្ជាក់ថា ប្រទេសទាំងពីរមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ក្នុងនោះក៏មាន ដំណើរទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនានា ពីសមាជិក សភាអូស្រ្តាលី មកកាន់ប្រទេសកម្ពុជាផងដែរ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានប្រសិទ្ធពរជូនប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេមលើកទី៣២ និងការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឲ្យទទួលបានជោគជ័យ។
សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ព្រឹទ្ធសភាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតអូស្រ្តាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕
ដោយ៖ សំអាត និងពិសិដ្ឋ






