កម្ពុជា-អ៊ីរ៉ង់ ប្តេជ្ញាចិត្តខ្ពស់នៅក្នុងការពង្រឹងពង្រីកចំណងមិត្ត ភាព ឱ្យមានការរីកចម្រើនរឹងមាំបន្ថែមទៀត។ ការប្តេជ្ញាចិត្តរួមគ្នានេះ ធ្វើឡើងនៅក្នុងឱកាសសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១៤ ខែមករា បានអនុញ្ញាតជូនឯកឧត្តម អាលី អាកបា ណាហ្សារី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅព្រះរាជា ណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ ឯកឧត្តម អាលី អាកបាណាហ្សារី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាការពារសុខសន្តិភាព និងស្ថិរភាពសង្គមជូនប្រជាពល រដ្ឋ បានយ៉ាងល្អ ដែលនេះជាជោគជ័យដ៏ធំធេងធ្វើឱ្យប្រទេស ជាតិទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ ជាក់ស្តែងកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៤ កន្លងមកសម្រេចបាន ក្នុងរង្វង់៦% ដោយបានលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនជាលំដាប់។
ឯកឧត្តម ណាហ្សារី បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពកម្ពុជា-អ៊ីរ៉ង់ ឱ្យមានការរីកចម្រើនរឹងមាំបន្ថែមទៀតទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ដើម្បីបម្រើផល ប្រយោជន៍នៃប្រទេសនិងប្រជាជនទំាងសងខាង។ ជាមួយគ្នានេះ ឯកឧត្តមបានជម្រាបជូន សម្តេចប្រធានរដ្ឋសភាអំពីបេសកកម្មសំខាន់ៗមួយចំនួនដែលឯកឧត្តមបាននិងកំពុងធ្វើជាមួយក្រសួងស្ថាប័នរបស់កម្ពុជា លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ឧស្ម័នប្រេងកាត និងវិស័យសុខាភិបាល ជាដើម។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ប្រទេសទំាងពីរ អ៊ីរ៉ង់និងកម្ពុជា នៅមានសក្តានុពលជាច្រើនទៀតដែល ត្រូវពិនិត្យ សិក្សា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។ កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរមិនត្រឹមតែនាំមកនូវផលប្រយោជន៍ដល់ប្រទេសទំាងពីរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដ៏សំខាន់ដល់ការកសាងសុខសន្តិភាព ការអភិវឌ្ឍប្រកបចីរភាព និងវិបុលភាពដល់មនុស្សជាតិលើភពផែនដី។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា ប្រទេសទាំងពីរ កម្ពុជា-អ៊ីរ៉ង់មានលក្ខណៈស្រដៀងៗគ្នាច្រើនអន្លើជាពិសេស វិស័យធនធានធម្មជាតិ និងសម្បត្តិវប្បធម៌ ហើយជាប្រទេសដែលផ្តល់តម្លៃពិតដល់សុខសន្តិភាព។
ដូច្នេះចូរយើងនាំគ្នាការពារសុខសន្តិភាព ដែលមានស្រាប់កុំចាំដល់ពេលបាត់បង់ ទើបនាំគ្នាស្វែងរកនោះ វាពិតជាលំបាកខ្លាំងណាស់៕






