ឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmo sumarto) ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានលើកឡើងថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម នឹងខិតខំលើកកម្ពស់ទំនាក់ទំនងសភាប្រទេសទំាងពីរ ទំាងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
នៅក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរលើវិស័យពាណិជ្ជកម្ម ទំនាក់ទំនងប្រជាជននិងប្រជា ជន រួមនឹងវិស័យអប់រំ ឱ្យមានការរីកចម្រើនថែមទៀតផងដែរ។ ការលើកឡើងនេះធ្វើឡើងក្នុងជំនួបនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ។
សម្តេចរដ្ឋសភាធិបតី បានបញ្ជាក់ថា រដ្ឋសភាបានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតឥណ្ឌូនេស៊ី សំដៅពង្រឹង និងលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយថែមទៀត។សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍លើកឡើងថា បេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា ស្របពេលទំនាក់ទំនងប្រទេសទំាងពីរបានឈានដល់ខួបទី៦៥ឆ្នាំ និងក្នុងពេលដែលរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិទី៧ បានបង្កើតឡើងក្រោយការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌ កាលពីខែកក្កដាកន្លងមកនេះ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានឯកភាពរួមគ្នាពីសារៈសំខាន់នៃទំនាក់ទំនងដ៏ល្អនៃប្រទេសទំាងពីរ ហើយថាកម្ពុជានិងឥណ្ឌូនេស៊ី មានសក្តានុពលជាច្រើនដែលអាចពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ទាំងវិស័យការទូត ពាណិជ្ជកម្ម អប់រំ កសិកម្ម ទេសចរណ៍ ជាពិសេសទំនាក់ទំនងប្រជាជន និងប្រជាជន ដែលនឹងនាំមកនូវផលប្រយោជន៍ដល់ប្រទេសទំាងពីរដូចគ្នា។
គួរបញ្ជាក់ដែរថា ឥណ្ឌូនេស៊ីឈរលេខរៀងទី៦ ក្នុងចំ ណោមបរទេសដែលវិនិយោគនៅកម្ពុជា។ ទំហំពាណិជ្ជ កម្មកម្ពុជានិងឥណ្ឌូនេស៊ី នៅឆ្នាំ២០២២ មានចំនួនជាង ៩៤៨ លានដុល្លារ។ នៅក្នុង ៤ខែដំបូង នៃឆ្នាំ ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ៣៩២ លានដុល្លារអាមេរិក។ ឥណ្ឌូនេស៊ីជាទីផ្សារទទួលទិញអង្ករពីកម្ពុជា ផងដែរ។ ក្នុងន័យនេះ សម្តេចរដ្ឋស ភាធិបតី បានលើកទឹកចិត្ត និងសំណូមពរដល់ឯកឧត្តមឯកអគ្គរដ្ឋទូតពិចារណាក្នុងការជួយនាំផលិតផលកសិកម្មពីកម្ពុជាឱ្យបាន់កាន់តែច្រើនបន្ថែមទៀត៕






