ខេត្តកំពង់ធំ៖ ដោយអនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ កម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកសន្ទុក ចំនួន០៥នាក់ ម៉ូតូ០១ គ្រឿង កាណូត០១គ្រឿង ដឹកនាំដោយ លោកអនុសេនីយ៍ឯក នេត ចាន់សុភាព មេបញ្ជាការអាវុធហត្ថស្រុក បានចេញសហការជាមួយសង្កាត់រដ្ឋបាលជលផលតាំងក្រសាំង ដឹកនាំរួមដោយ លោក កែវ សុខា នាយសង្កាត់រដ្ឋបាលជលផលតាំងក្រសាំង ចុះបង្រ្កាបបទល្មើសនេសាទ (ប្រើឧបករណ៍ឆក់ត្រី) ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងវត្ថុតាងមួយចំនួន។
ករណីនេះនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ត្រង់នៅចំណុចបឹងទ្វាពីរ ស្ថិតក្នុងភូមិទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ ជាលទ្ធផល បាននាំខ្លួនជនសង្ស័យចំនួន០១នាក់ ចាប់យកវត្ថុតាងរួមមាន៖ កាណូត០១គ្រឿង (បាឡាស្មាច់ +ម៉ាស៊ីនសាំង) អាគុយ០៥ធុង ដុំភ្លើងឆក់ត្រី០៥គ្រឿង ដងឆក់ត្រី០៥គូកាំបិតស្នៀតចំនួន០១ដើម និងត្រីចម្រុះ១០ គីឡូក្រាម ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ជំនាញយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
ដោយសំនៀង






