(ខេត្តព្រះសីហនុ,ថ្ងៃទី០៨ ខែកក្កដា ២០២០)៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះទៅបង្ក្រាបករណីជនជាតិចិនមួយក្រុម បានចាប់បង្ខំាំង និងជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នាម្នាក់ទៀត ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានរំដោះជនរងគ្រោះ និងចាប់បានជនសង្ស័យចំនួន៧នាក់ ក្នុងនោះមានស្រី្តម្នាក់។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ថា សម្រាប់ប្រតិបត្តិការនេះលោកបានដឹកនាំកម្លាំងកងរាជអាវុហត្ថចំនួន៣០នាក់ ក្រោមការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ និងដឹកនាំរបស់លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាក់ថា ជនសង្ស័យទាំង៧នាក់រួមមាន៖
ឈ្មោះ Cao Ya Qi ភេទស្រី អាយុ២១ឆ្នាំ ,ឈ្មោះ Yang Jing ភេទប្រុស អាយុ២៧ឆ្នាំ,ឈ្មោះ Xie Ji Liu ភេទប្រុស អាយុ២៨ឆ្នាំ,ឈ្មោះ Cai Lei Lei ភេទប្រុស អាយុ៣៣ឆ្នាំ,ឈ្មោះ Ou Qiang ភេទប្រុស អាយុ២៦ឆ្នាំ,ឈ្មោះ Zhu Shou Jiang ភេទប្រុស អាយុ២៥ឆ្នាំ និងឈ្មោះ Li Jun ភេទប្រុស អាយុ៣៣ឆ្នាំ។
ដោយឡែក ជនរងគ្រោះដែលត្រូវបានរំដោះបានមានឈ្មោះ Luo Ping ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន។
ក្រោយប្រតិបត្តិការកម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងសំរាប់ប្រព្រឹត្តបទល្មើសមួយចំនួនរួមមាន៖
រថយន្ត គ្រឿង ម៉ាក Highlander ពណ៌ខ្មៅពាក់ស្លាកលេខ ព្រះសីហនុ 2A-9891 , ម៉ូតូ ចំនួន១គ្រឿង ម៉ាក PCX ពណ៌ស គ្មានស្លាកលេខ,ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន២គ្រាប់ និងម្សៅសថ្លា ចំនួន១កញ្ចប់ (សង្ស័យជាថ្នាំញៀន)។
ត្រាក្រហម ចំនួន៨ត្រា,កាតធនាគារ ចំនួន៥៤សន្លឹក,ខ្នោះដៃចំនួន៣,ម៉ាស៊ីនផ្លុំសក់ចំនួន១,វ៉ាលី២ (តូច១ និងធំ១),ទូរស័ព្ទដៃ ចំនួន០៦គ្រឿង ,ដំបងឆក់១ដើម,ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ ១គ្រឿង និងឯកសារមួយចំនួន,លិខិតឆ្លងដែន៣,ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន,កាបូបដៃ១,ស៊ីមទូរស័ព្ទមួយចំនួន ,អត្តសញ្ញាណប័ណ្ណមួយចំនួន,ឈើចាក់ធ្មេញ១ដុំ (សម្រាប់ចាក់ចូលចុងក្រចកដៃឬជើង),ឧបករណ៍ឆែកទិន្នន័យធនាគារ ១៣ គ្រឿង។
បច្ចុប្បន្នកម្លាំងជំនាញ អ.ហ ខេត្តកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕






