យោងតាមកាសែតបាងកកប៉ុស្តិ៍ ប្រធានការិយាល័យនាយករដ្ឋមន្ត្រី លោក ជូសាក់ សិរិនីល(Chousak Sirinil) បានបញ្ជាក់ថា លោកមិនទាន់ទទួលបាន របាយការណ៍លម្អិតនៅឡើយ អំពីគម្រោងដែលគេស្គាល់ថា «Ban Share Nong Carrot» ពាក់ព័ន្ធនឹងព្រះសង្ឃមួយចំនួនធំនោះទេ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។ ប្រតិបត្តិការក្លែងបន្លំ គឺជាការសន្យាថា នឹងទទួលបានប្រាក់ ចំណូលខ្ពស់ តាមរយៈការវិនិយោគ លើភាគហ៊ុនក្លែងក្លាយ។
ការិយាល័យព្រះពុទ្ធសាសនាជាតិថៃ ហៅកាត់ NOB ត្រូវបានបញ្ជាឱ្យស៊ើបអង្កេត គម្រោង «សាជីជ្រុង» ដែលត្រូវបានរាយ ការណ៍ថា ព្រះសង្ឃត្រូវបានគេបោកប្រាស់ បណ្តាលឱ្យមានការខាតបង់ ប្រមាណជាង១ពាន់លានបាត ឬ ២៩.៦លានដុល្លារអាមេរិក។
លោកជូសាក់ សិរិនីល (Chousak Sirinil) បានសង្កត់ធ្ងន់ថា NOB កំពុងស៊ើបអង្កេតករណីនេះយ៉ាងសកម្ម តាមការណែនាំពីការិយាល័យនាយករដ្ឋមន្ត្រី។
លោក បាន កត់ សម្គាល់ថាបញ្ហាពាក់ព័ន្ធ នឹងព្រះសង្ឃ និងវិន័យសង្ឃស្ថិតនៅក្រោមសមត្ថកិច្ចរបស់បព្វជិត ខណៈបញ្ហាផ្លូវច្បាប់ នឹងត្រូវ ដោះស្រាយ ដោយ ប៉ូលិស៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






