(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២១ ) មានហេតុការណ៍ភ្ញាក់ ផ្អើលមួយបានកើតឡើង ដោយលេងស្រីចំនួន៤នាក់ បានលង់ទឹកអូរ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃ ទី២៧ខែកុម្ភៈ ម្សិលម៉ិញ នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖កុមារទាំង០៤នាក់ មាន ៖ ១,ឈ្មោះ អ៊ឹម ដាវ៉ាន ភេទស្រី អាយុ៥ឆ្នាំ ស្លាប់នៅពេលយកទៅសង្រ្គោះនៅមណ្ឌលសុខភាព – ២,ឈ្មោះ អ៉ឹម ដានវីន ភេទស្រី អាយុ៥ឆ្នាំ កំពុងយកទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកស្រុកម៉ាឡៃ- ៣,ឈ្មោះ ភឿន នីតា ភេទស្រី អាយុ ៦ឆ្នាំ (រស់)៤,ឈ្មោះ ឌី តាវ៉ាន ភេទស្រី អាយុ៤ ឆ្នាំ(រស់)អ្នកទាំងបួនរស់នៅភូមិកោះស្នួល ឃុំទួលពង្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកអធិការនគរបាលស្រុក បានបញ្ជាក់ថា៖តាមការបំភ្លឺពីឈ្មោះ ឃុត ហៀង ភេទស្រី អាយុ៦៦ឆ្នាំ ត្រូវជាយាយ រស់នៅភូមិកោះស្នួលឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា មុនដំបូងក្មេងៗ ទាំងបួននាក់ខាងលើ កំពុងលេងនៅក្រោមដើមស្វាយចន្ទីនៅមុខផ្ទះរបស់់គាត់ ក្រោយមកគាត់បានទៅដាក់ចំណីអោយសត្វមាន់ ពេលនោះគាត់បានឃើញក្មេងៗនោះ ដើរទៅខាងក្រោយផ្ទះដោយមិនបានចាប់អារម្មណ៍ថាទៅលេងទឹកអូរទេ។
លុះបានមួយសន្ទុះក្រោយមក គាត់បានស្ដាប់ឮក្មេងទាំងនោះស្រែកថាលង់ទឹក គាត់បានរត់ទៅមើល ហើយក៏បានឃើញក្មេងទាំង៤នាក់នោះកំពុងលង់ទឹកប្រាកដមែន ហើយគាត់បានចុះស្រង់ក្មេងទាំងនោះចេញពីទឹកអូរក្រោយផ្ទះប្រងវែងប្រហែល៣០ម៉ែត្រដោយគាត់ស្រងបណ្ដើរនិងស្រែកអោយអ្នកភូមិមកជួយបណ្ដើរ ពេលនោះស្រាប់តែឈ្មោះ ង៉ែត ហន ភេទប្រុស អាយុ ៤០ឆ្នាំ បានឮក៏មកជួយស្រង់ក្មេងចេញពីទឹកអូរនោះ រួចយកទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំទួលពង្រតែម្ដង។
លោកវរសេនីយ៍ឯកបេន សំអាត បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្នចំពោះកុមារតូចៗ ដែលទៅលេងទឹក ដូចជាកករណីនេះជាដើម កុមារីម្នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតកំពុងសង្រ្គោះ និង២នាក់ទៀតបានរួចផុតពីគ្រោះថ្នាក់ ដោយសារតែលេងទឹកអូរគ្មានមនុស្សចាស់នៅក្បែរ ៕
ដោយ៖ណុប រក្សា(កែសម្រួលដោយ មណ្ឌល កែវ)






