ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាមុខសញ្ញាចោរប្លន់យ៉ាងសកម្ម ត្រូវបាននគរបាលខេត្តកំពង់ស្ពឺ បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមផ្លូវច្បាប់ ខណៈដែលកម្លាំងនគរបាលតាមឃាត់ខ្លួនបាន តាមអំណាចដីការរបស់តុលាការខេត្ត ចេញដោយលោក អ៊ូ ផាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ។
នគរបាលខេត្តកំពង់ស្ពឺ បាននិយាយអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើ មានឈ្មោះ ហាត់ ឆាយ ហៅ ហាក់ ឆាយ ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរជាអតីតយោធា ស្នាក់នៅផ្ទះលេខ៣៦៩ ផ្លូវ៩៣z ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិកំពង់ក្តី ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម។
គួររំលឹកផងដែលថាជនសង្ស័យជាចោរប្លន់ខាងលើនេះ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងនគរបាលខណ្ឌឬស្សីកែវ ធ្វើការឃាត់ខ្លួនតាមអំណាចដីការរបស់តុលាការខេត្តកំពង់ស្ពឺ តាមដីការបង្គាប់អោយចូលខ្លួន លេខ៤២២១ ចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ចេញដោយលោកអ៊ូ ផាត ព្រះរាជ្ញអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ពន្ធ័នឹងករណីលួច មានស្ថានទំងន់ទោស នៅក្នុងខេត្តកំពង់ស្ពឺ ហើយរត់គេចខ្លួនបាត់។
នគរបាលបញ្ជាក់ថា ការធ្វើប្រតិបត្តិការចាប់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅផ្លូវបេតុលេខ៩៣z ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មេក្លោងចោរប្លន់ប្រដាប់អាវុធម្នាក់ ជាអតីតមន្ត្រីយោធា និងប្រពន្ធ ដែលធ្លាប់ធ្វើសកម្មភាពជាច្រើនករណីនេះ ត្រូវនគរបាលការិយាល័យព្រហ្មឌណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលពីលោក អ៊ុ សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចូលខ្លួន របស់សាលាដំបូងខេត្តកំពង់ស្ពឺ។
ការចាប់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងនៅខណៈជនសង្ស័យ កំពុងជិះរថយន្ត CRV ២នាក់ប្តីប្រពន្ធ នៅផ្លូវបេតុលេខ៩៣z ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ បានដកហូតអាវុធខ្លីមួយដើម ម៉ាកឡុកចិន ពណ៌ខ្មៅ គ្រាប់មួយចំនួន ទូរស័ព្ទ២គ្រឿង និងឯកសារពាក់ព័ន្ធមួយចំនួន ហើយនាំខ្លួនទៅឆែកឆេផ្ទះបន្តទៀត សមត្ថកិច្ចបានរកឃើញម៉ូតូ PCX មួយគ្រឿង អាវុធខ្លីម៉ាក K54 មួយដើមទៀត គ្រាប់កាំភ្លើងជាច្រើនគ្រាប់ កាតគ្រីរថយន្ត និងម៉ូតូ រួមជាមួយស្លាកសំគាល់ម៉ូតូចំនួន១៤ ស្លាកលេខរថយន្តមួយគ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួន។
ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ប្តីប្រពន្ធនេះ សមត្ថកិច្ចបានដោះលែងឲ្យប្រពន្ធទៅផ្ទះវិញ ព្រោះគ្មានការពាក់ព័ន្ធនៅក្នុងដីកាបង្គាប់ឲ្យចាប់នោះទេ ហើយចំណែកជនសង្ស័យ ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺវិញ ដែលជាម្ចាស់ករណី ហើយពេលនេះនគរបាលបានបញ្ជូនទៅកាន់សាលាដំបូងខេត្តរួចរាល់ហើយ៕ អ៊ុ ណូន









