ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការ កិច្ច ត្រូវប្តូរឈ្មោះទៅជាក្រសួងអធិការកិច្ចជំនួសវិញ ។
នេះបើតាមសេចក្តីប្រកាសពត៌មាន ស្តីពីលទ្ធផលនៃកិច្ច ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង កាលពីម្សិលម៉ិញ។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមកតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តសេចក្តីព្រាងក្នុងការកែសម្រួលក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ទៅជាក្រសួងអធិការកិច្ចវិញ។
ក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” កាលពីអាណត្តិទី៦ មានលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអនជារដ្ឋមន្ត្រី។
ចំណែកក្រសួងអធិការកិច្ច ដែលទើបប្តូរឈ្មោះនេះ មានឯកឧត្តម ហួត ហាក់ ជារដ្ឋមន្ត្រី។
សូមជម្រាបថា នៅឆ្នាំ១៩៩៩ រាជរដ្ឋាភិបាលបានបង្កើតក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការ កិច្ច ក្នុងគោលបំណងលើកកម្ពស់និងពង្រឹងអភិបាលកិច្ច ដើម្បីធានាប្រសិទ្ធភាព សុចរិតភាព មនសិការវិជ្ជាជីវៈ វិន័យការងារ និងភាពស្អាតស្អំរបស់រដ្ឋបាលសាធារណៈ ព្រមទាំងបានចូលរួម ចំណែកទប់ស្កាត់ ប្រយុទ្ធប្រឆាំង កាត់បន្ថយ និងឈានទៅលុបបំបាត់អំពើពុករលួយ។
យោងតាមសារពារលើវិស័យអធិការកិច្ច និងភាពចាំបាច់របស់រាជរដ្ឋាភិបាលក្នុងការប្រគល់ តួនាទីភារកិច្ចលើវិស័យទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភាជូនស្ថាប័ននានា ការប្ដូរឈ្មោះក្រសួងជា “ក្រសួងអធិការកិច្ច” ពិត ជាឆ្លើយតបនឹង (១) កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបា លអាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់ កាលទី១, (២) ស្មារតីនៃកិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅ ឧត្តមក្រុមប្រឹក្សាសេដ្ឋ កិច្ចជាតិ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣, និង (៣) បំណងប្រាថ្នារបស់ ថ្នាក់ ដឹកនាំនិងមន្ត្រីរាជការរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៕






