ក្រសួងក្រសួងបរិស្ថាន និងអង្គការ WWF នឹងរៀបចំដាក់ប្រឡៅករលើសត្វដំរីព្រៃ ដើម្បីតាមដានការបម្លាស់ទី និងប្រមូលទិន្នន័យសម្រាប់ការងារអភិរក្ស និងសិក្សាប្រភេទ DNA របស់សត្វដំរីព្រៃរបស់កម្ពុជា។
នេះជាការបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន នៅក្នុងសន្និសីទសារពត៌មាន នារសៀលថ្ងៃទី០៧ ខែមេសា ២០២៣ នៅមន្ទីរបរិស្ថានខេត្តពោធិសាត់។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៏ថា ក្រសួងបរិស្ថាន បាននឹងកំពុងសហការជាមួយអង្គការ WWF លើការដាក់ប្រឡៅ ករលើសត្វដំរីព្រៃ ដើម្បីធ្វើការតាមដានការបម្លាស់ទីរបស់សត្វដំរី នៅតំបន់ការពារធម្មជាតិ។
ការដាក់ប្រឡៅករលើសត្វដំរី គឺដើម្បីឲ្យដឹងថាសត្វដំរីទាំងអស់នោះ ធ្វើដំណើរបម្លាស់ទីទៅកន្លែងណាខ្លះ និងដើម្បីប្រមូលឲ្យមានលទ្ធភាព គ្រប់ គ្រាន់ សម្រាប់ការពារ និងអភិរក្ស។
លើសពីនេះ ក៏ដើម្បីធ្វើការសិក្សាពី ប្រភេទ DNA របស់សត្វដំរីព្រៃរបស់កម្ពុជា និងការសិក្សាផ្សេងៗ លើបញ្ហាជំ លោះរវាងសត្វដំរីព្រៃ និងមនុស្ស។
ឯកឧត្តមអ្នកនាំពាក្យក្រសួងបរិស្ថាន បានកត់ សំគាល់ឃើញថា បទល្មើសនៃការ បរបាញ់សត្វដំរី នៅក្នុងតំបន់ជួរភ្នំក្រវាញ លែងមានទៀតហើយ ប៉ុន្តែបញ្ហាចំបង នៅតែជាបញ្ហាប្រឈមចំពោះសត្វដំរីព្រៃគឺអន្ទាក់។
បើតាមលោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីប្រចាំអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (WEA) បានឱ្យដឹងថា ដំរីព្រៃ ត្រូវបានចាត់ទុកជាអ្នកនាំពូជរុក្ខនានា ឱ្យដុះតាមព្រៃធម្មជាតិ តាមការបន្ទោរបង់លាមក។ លោកបានបន្ថែមថា សម្រាប់ឆ្នាំ២០២២ តាមរយៈរូបភាពបង្ហាញពីកាំមេរ៉ាស្វយប្រវត្តិមានដំរីព្រជាច្រើន មានសុខភាពល្អ ប៉ុន្តែ មានបញ្ហាមួយដែលធ្វើឱ្យអ្នកអភិរក្សមានព្រួយបារម្ភឃើញមានដំរីព្រៃជាច្រើនជើងជាប់អន្ទាក់ ដែលជាក្តីព្រួយបារម្ភចំពោះបញ្ហានេះ។
តាមរយៈយុទ្ធនាការអន្ទាក់សូន្យនៅតាមតំបន់ធនធានជាធម្មជាតិនេះ នឹងក្លាយជាក្តីសង្ឃឹមជាថ្មីបន្ថែមទៀត សម្រាប់សត្វព្រៃគ្រប់ប្រភេទ ជាពិសេសហ្វូងសត្វដំរីព្រៃ។
សូមជំរាបថា បច្ចុប្បន្នកម្ពុជាមានសត្វដំរីអាស៊ីចន្លោះពី៤០០ ទៅ៦០០ក្បាល ដែលកំពុងរស់នៅតំបន់ជួរភ្នំក្រវាញ តំបន់ព្រៃឡង់ និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី និងរតនគីរី។
ចំណែកដំរីស្រុក មានប្រមាណ៧០ក្បាល។ ក្រសួងបរិស្ថាន បានប្តេជ្ញាចិត្តថា នឹងការពារសត្វដំរីក្នុងប្រទេសកម្ពុជា ពីការ គំរាមកំហែងរបស់មនុស្ស ដោះស្រាយជម្លោះរវាងមនុស្ស និងសត្វដំរី និងការពារ ព្រៃ អភិរក្សតំបន់ការពារធម្មជាតិ ដើម្បីផ្តល់ជម្រកសុវត្ថិភាពសម្រាប់សត្វដំរី អាស៊ី។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានដាក់ ចេញផែនការសកម្មភាព ដើម្បីអភិរក្សសត្វដំរីអាស៊ីឲ្យគង់វង្ស រយៈពេល១០ឆ្នាំ ពី២០២០ ដល់ឆ្នាំ២០២៩ ដោយបានកំណត់បញ្ហាអាទិភាពចំនួន៦។
ក្នុងនោះរួមមាន ការកាត់ បន្ថយការ បាត់បង់ទីជម្រក អភិរក្សនិង តភ្ជាប់ច្រករបៀង និងហ្វូងដំរីឡើងវិញ ពង្រឹងការ អនុវត្តច្បាប់ បង្ការមិនឲ្យមានការចាប់សត្វដំរីព្រៃមកចិញ្ចឹម អប់រំផ្សព្វផ្សាយ និងកដាក់ចេញសកម្មភាពយុទ្ធសាស្ត្រ សម្រាប់ដោះស្រាយបញ្ហាទាំងនោះ។
យោងតាមការប៉ាន់ប្រមាណ ផែនការរយៈពេល ១០ឆ្នាំ ដើម្បីអភិរក្សសត្វដំរីនេះ កម្ពុជា ត្រូវការថវិកាចំនួន ៤០,៥លានដុល្លារអាមេរិក ដែលរំពឹងពីប្រភពរួមបញ្ចូល គ្នា ទាំងកញ្ចប់ថវិកាពីរាជរដ្ឋាភិបាលកម្ពុជា អង្គការមិនមែនរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ៕






