ដោយមើលថាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានសារសំខាន់សម្រាប់សេដ្ឋកិច្ចនិងជួយផ្ដល់ឱកាសការងារច្រើនដល់ពលរដ្ឋ រាជរដ្ឋាភិបាលបានបន្ថែមយកចិត្តទុកដាក់លើសហគ្រិនក្នុងវិស័យនេះកាន់តែច្រើន ជាក់ស្ដែងនៅថ្ងៃទី១៥ កក្កដា ២០២០នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រជុំគណៈកម្មាធិការមួយរកដំណោះស្រាយបន្ទាន់ជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ។
ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអោយដឹងថា វិស័យសហគ្រាសខ្នាតតូចនិងមធ្យមកំពុងជួបបញ្ហាប្រឈមមួយចំនួន ដូចជា ១) បន្ទុកអនុលោមភាព ការអនុវត្តបទប្បញ្ញត្តិដែលនៅមិនទាន់ស៊ីសង្វាក់រវាងក្រសួង-ស្ថាប័នពាក់ព័ន្ធនិងភាពនៅមានកម្រិតក្នុងការផ្ដល់សេវាគាំទ្រធុរកិច្ច ,២) សមត្ថភាពនៃសហគ្រាសធុនតូច និងមធ្យម ក្នុងការគ្រប់គ្រងបច្ចេកទេសផលិតកម្ម, ធុរកិច្ច និងហិរញ្ញវត្ថុនៅមានកម្រិតទាប និង បញ្ហាប្រឈមទី៣ គឺការទទួលបានហិរញ្ញវត្ថុនៅមានគម្លាតធំ។
កិច្ចប្រជុំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានពិភាក្សា និងឯកភាពជាគោលការណ៍លើវិធានការលើកស្ទួយសហគ្រាសធុនតូច និង មធ្យម ដោយគួររៀបចំជាពីរដំណាក់កាលរួមមាន៖
១.វិធានការរយៈពេលបន្ទាន់ផ្ដោតលើ ការកាត់បន្ថយ និង សម្រួលនូវបន្ទុកអនុលោមភាពសម្រាប់សហគ្រាសធុនតូច និងមធ្យម, ការពិនិត្យលទ្ធភាពក្នុងការផ្តល់សេវាកម្ម គាំទ្រ ដូចជាប្រឹក្សាយោបល់ធុរកិច្ច, សេវាមេធាវី និងប្រឹក្សាច្បាប់, ការចុះបញ្ជី, គណនេយ្យ, ទីផ្សារ និងបច្ចេកទេស និង គ.ជំរុញការគាំទ្រ ការផ្ដល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ។
២. វិធានការរយៈពេលខ្លី និងមធ្យម ផ្តោតលើ ការគាំទ្រ ជាប្រព័ន្ធអេកូឡូស៊ីរួមមាន ការបន្ដកំណែទម្រង់ក្របខ័ណ្ឌបទប្បញ្ញត្តិ និងការអនុវត្ដ, ការលើកកម្ពស់សេវាគាំទ្រធុរកិច្ច ការគាំទ្រហិរញ្ញវត្ថុ ការលើកកម្ពស់ទីផ្សារសម្រាប់សហគ្រាសធុនតូច និងមធ្យម, ជំរុញ និងលើកកម្ពស់ធនធានមនុស្ស និងលើកកម្ពស់ផ្នត់គំនិតសហគ្រិនភាពជាដើម ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការជួយគាំទ្រសហ គ្រាសធុនតូច និងមធ្យម និងការដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យម ត្រូវការការសម្រប សម្រួល និងការដោះស្រាយជាប្រព័ន្ធ និងស្មារតីចូលរួមចំណែករស់រវើកជាលក្ខណៈអន្ដរក្រសួង-ស្ថាប័ន ដើម្បីឱ្យ សហគ្រាសធុនតូច និងមធ្យម អាចមានលទ្ធភាពគ្រប់គ្រាន់ ចូលរួមវិភាគទានដល់កំណើនសេដ្ឋកិច្ច, បង្កើតការងារ និងចំណូលជាក់ស្តែងដល់ប្រជាពលរដ្ឋ, បំពេញតម្រូវការក្នុងស្រុក ក៏ដូចជាលើកកម្ពស់សក្ដានុពលសេដ្ឋកិច្ច ហើយ ដើម្បីធានាបានប្រសិទ្ធភាពអនុវត្តន៍ ត្រូវមានការសិក្សាឲ្យបានជាក់លាក់ តាមរយៈការកំណត់នូវនិយមន័យ, វិសាលភាព ក៏ដូចជាផលរបរនៃសហគ្រាសធុនតូច និងមធ្យម, លទ្ធភាពជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុ, រៀបចំលិខិតបទដ្ឋានគតិយុត្តិ ដែលប្រទាក់ក្រឡា ក៏ដូចជា រៀបចំនូវសូចនាករវាស់វែង និងការតាមដានការអនុវត្តន៍ជាអន្តរវិស័យ និងស្ថាប័នផងដែរ ៕






