ក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើអោយកងកម្លាំងមានសមត្ថ កិច្ចបន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈចំនួនករណីគ្រោះថ្នាក់នៅបន្តកើន ឡើងគួរឲ្យព្រួយបារម្ភ។
ការបញ្ជាក់នេះធ្វើឡើងនៅក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដមហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរចំពោះកងកម្លាំងមានសមត្ថកិច្ចរាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយកិច្ច ក្នុងបង្ក្រាបនិងទប់ស្កាត់បទល្មើស ក្នុងខែមិថុនាកន្លងនេះ ដែលបានធ្វើអោយបទល្មើសព្រហ្មទណ្ឌថយចុះ។ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ហាក់កើនឡើង ដូច្នេះឯកឧត្តម ស្នើអោយកងកម្លាំងមានសមត្ថកិច្ចបន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះបន្ថែមទៀត។ ជាក់ស្តែង ក្នុងខែមិថុនា ឆ្នាំ២០២៤នេះគ្រោះថ្នាក់ចរាចរណ៍កើនឡើង ៨៣លើក /៦៩លើក កើនឡើង១៤លើក ស្មើនឹង ២០,២៨%។
ក្នុងខែមិថុនា ឆ្នាំ២០២៤នេះ បទល្មើសព្រហ្មទណ្ឌបានកើតមាន ៣៧លើក/៤២លើកថយចុះ៥លើក ស្មើនឹង ១១.៩០% ជាមួយនិងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន ៣៤ករណី ឃាត់ខ្លួន ៤១ នាក់។ បង្ក្រាបបទល្មើសគ្រឿងញៀន បាន១៨១ករណី ឃាត់ខ្លួន៣៨៤នាក់ ទន្ទឹមនឹងនោះ បានធ្វើការគ្រប់គ្រងមុខ សញ្ញាក្មេងទំនើង ជនទំនើងចំនួន ៣១០មុខសញ្ញា។ ឯកឧត្ដមហួត ហៃ មានប្រសាសន៍លើកឡើងថា៖ គ្រោះថ្នាក់ចរាចរណ៍ ជារឿងធំមួយ ដោយក្នុងមួយថ្ងៃ បានសំលាប់មនុស្សពី៥ ទៅ៦នាក់ នៅទូទាំងប្រទេស ។
ឯកឧត្ដម ម៉ប់ សារិន បានពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងនោះក៏បានពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិកគណៈកម្មា ធិការលទ្ធកម្មរបស់រដ្ឋបាលរាជធានីភ្នំពេញ៕






