ខេត្តបន្ទាយមានជ័យ ៖ ចសមត្ថកិច្ចចម្រុះ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឃាត់ខ្លួនថៅកែធ្វើអាជីវកម្មកាយដីភ្នំលៀប ត្រូវចាត់ការតាមផ្លូវច្បាប់ និងបានបញ្ចប់ការធ្វើអាជីវកម្មកាយដីភ្នំលៀប ស្ថិតនៅភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោយពីសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យនៅកន្លែងធ្វើអាជីវកម្ម រកឃើញថាការធ្វើអាជីវកម្មកាយដីភ្នំលៀបលក់នេះ គ្មានច្បាប់អនុញាតិ និងបង្កឱ្យធ្លាក់រថយន្តដឹកដី១គ្រឿង បណ្តាលឱ្យអ្នកបើកបររថយន្តម្នាក់ស្លាប់។
ជុំវិញបញ្ហានេះ លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ បានបង្ហាញឱ្យដឹងថា ការអាជីវកម្មកាយដីភ្នំលៀប ក្រុមហ៊ុនបានសុំច្បាប់ដល់អាជ្ញាធរខេត្តបន្ទាយមានជ័យរួចហើយ តាមរយៈមន្ទីររ៉ែ និងថាមពលខេត្ត បានសម្រេចឱ្យ ក្រុមហ៊ុន ដែលមានម្ចាស់ឈ្មោះ សឿម សំបូរ ធ្វើអាជីវកម្មកាយដីភ្នំលៀប លើផ្ទៃដីទំហំ ៦,១៨២ម៉ែត្រការ៉េ ក្នុងប្រតិបត្តិការរក្សាចម្ងាយសុវត្ថិភាពយ៉ាងតិច២៥ម៉ែត្រ ពីមាត់រណ្តៅចាស់ដែល មានស្រាប់ និង៥ម៉ែត្រពីមាត់រណ្តៅជុំវិញ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកប្រធានមន្ទីររ៉ែ និងថាមពលខេត្ត លោក សុត វឌ្ឍនា បានប្រាប់ថា គណៈកម្មការចម្រុះបានចុះត្រួតពិនិត្យ កន្លែងកើតហេតុ ក្រុមហ៊ុនអាជីវកម្មដីភ្នំលៀប គឺច្បាប់បានអនុញ្ញាតឱ្យជីកកាយដីភ្នំបាតក្រោមដែលមានរណ្តៅចាស់ប៉ុណ្ណោះ ប៉ុន្តែគណៈកម្មការចម្រុះត្រួតពិនិត្យឃើញថា ក្រុមហ៊ុនបានទៅជីកកកាយយកដីនៅលើភ្នំ ខុសគោលការដែលច្បាប់បានអនុញ្ញាត។
លោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តបញ្ជាក់ប្រាប់ទៀតថា អាជីវកម្មដីភ្នំលៀប ត្រូវបានគណៈកម្មការចម្រុះបញ្ឈប់អាជីវកម្មទាំងស្រុងហើយ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ជាមួយនឹងការឃាត់ខ្លួនម្ចាស់ថៅកែអាជីវកម្មដីភ្នំលៀប លោកឧត្តមសេនីយ៍ត្រី បោន ប៉ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រាប់ឱ្យដឹងថា ម្ចាស់ថៅកែធ្វើអាជីវកម្មដីភ្នំលៀបនោះ បានឃាត់ខ្លួន និងរៀបចំសំណុំរឿង ចាត់ការតាមផ្លូវច្បាប់ ដែលមានការសម្របសម្រួល ដោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ មាស ច័ន្ទពិសិដ្ឋ រួចរាល់អស់ហើយ។
កន្លងមកសមត្ថកិច្ចអាវុធហត្ថ មានតួនាទីបង្ការទប់ស្កាត់ បង្រ្កាបបទល្មើសធនធានធម្មជាតិ បានទៅធ្វើការណែនាំ អប់រំ ថៅកែក្រុមហ៊ុនធ្វើអាជីវកម្មដីភ្នំលៀបម្តងរួចមកហើយ តែមិនរាងចាល។ បច្ចុប្បន្ន កំពុងត្រូវចាត់ការតាមផ្លូវច្បាប់៕ នុប រក្សា









