ក្រុមហ៊ុន CP All នៃប្រទេសថៃ បានមកចូលជួបសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីស្នើសុំអនុសាសន៏ នៃឱកាស និងសក្តានុពលវិនិយោគនៅកម្ពុជា។ សម្តេចតេជោ បានស្នើឲ្យក្រុមហ៊ុននេះ ពិចារណាធ្វើការវិនិយោគលើការផលិតជី និងក្រដាសនៅកម្ពុជា ដោយសារតម្រូវការខ្ពស់។
លោក Korsak Chairasmisak ប្រធានប្រតិបត្តិក្រុមហ៊ុន CP All បានបុំញជាក់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថា គោលបំណងមកទស្សនកិច្ចនៅកម្ពុជានៅពេលនេះ គឺដើម្បីស្វែងយល់ពីសក្តានុ ពលវិនិយោគនៅកម្ពុជា លើវិស័យអាទិភាពនានា។ លោកបានគោរពស្នើសុំ អនុសាសន៏សម្តេចតេជោ ហ៊ុន សែន ដើម្បីបើកផ្លូវដល់ក្រុមហ៊ុន ក្នុងការវិនិយោ គនៅកម្ពុជា។
នេះជាការបញ្ជាក់របស់ ឯ.ឧ អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៅក្រោយជំនួបនៅព្រឹកថ្ងៃទី១៦ សីហា នៅវិមានសន្តិភាព។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យលោក មីសាក់ ធ្វើកិច្ចសហការជាមួយឯកឧត្ដមសុខ ចិន្ដាសោភា ប្រតិភូរាជរដ្ឋាភិបាលចំពោះការស្វែង យល់សក្តានុពេលនៃការវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះ សម្ដេចតេជោ បានស្នើក្រុមហ៊ុន CP All ធ្វើការវិនិយោគលើការផលិតក្រដាស នៅកម្ពុជា ត្បិតនៅប្រទេសកម្ពុជា ក្រដាសជាសម្ភារៈ ដែលត្រូវការចាំបាច់បំផុត និងមានតម្រូវការ កើនឡើងជាលំដាប់។ ទន្ទឹមនេះ សម្តេចតេជោ ក៏បានស្នើសុំឱ្យលោក មីសាក់ពិនិត្យឱកាសលើការបង្កើតរោងចក្រផលិតជីសរីរាង្គ ព្រោះជីសរីរាង្គអាចប្រើប្រាស់ធ្វើការដាំដុះដំណាំ និងផ្ដល់គុណភាពដំណាំ ដែលមិនប៉ះពាល់ ដល់សុខភាពឡើយ។
ក្រៅពីនេះ លោក មីសាក់ បានសម្រេចផ្តល់អាហារូបករណ៏ ចំនួន២០ កន្លែង ជូនសម្តេចតេជោ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
អាហារូបករណ៍ចំនួន២០កន្លែងនោះ មានថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងអាហាររូបករណ៍ថ្នាក់បច្ចេកទេស ចំនួន១០កន្លែង ដែលរាល់ការចំណាយទាំង អស់ ខាងក្រុមហ៊ុនជាអ្នកផ្គត់ផ្គង់ជូនទាំងអស់។
សម្តេចតេជោ ហ៊ុន សែន បាន អរគុណចំពោះក្រុមហ៊ុន ដែលផ្តល់អាហារូបករណ៏ជូនដល់សម្តេច ហើយសម្តេច ស្នើឲ្យលោក មីសាក់ ទាក់ទងជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើការផ្តល់អាហារូបករណ៏នេះ៕
សំ វណ្ណា






