ខេត្ដកណ្ដាល ៖ បុរសម្នាក់បានចងកសម្លាប់ខ្លួន ព្រោះខឹងប្រពន្ធសុំលែង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៤នឹង៣០នាទី នៅចំណុចលើដើមស្វាយមុខផ្ទះ ប៉ូ ថន នៅភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកមុខកំពូល បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ជិន រក្សា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ កសិករ។ មន្ត្រីនគរបាលដដែលបន្តថា កន្លងមកជនរងគ្រោះបានរៀបការជាមួយប្រពន្ធ ឈ្មោះ ជត ម៉ាលីន អាយុ៣៩ឆ្នាំ មានទីលំនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរយៈពេល៦ខែ ហើយតាំងពីរៀបការមក ជនបានទៅរស់នៅជាមួយប្រពន្ធរហូត ហើយជនរងគ្រោះបានប្រើប្រាស់គ្រឿងញៀនជាប្រចាំ និងនៅពេលប្រើប្រាស់ម្ដងៗ តែងតែរករឿងគំរាមរកអាក សម្លាប់ប្រពន្ធ និងប្រច័ណ្ឌប្រពន្ធ។
នៅថ្ងៃខែមិនចាំឆ្នាំ២០១៨ ជនរងគ្រោះបានលេបថ្នាំសម្លាប់ខ្លួនម្ដងហើយ តែប្រពន្ធឃើញទាន់ ក៏បានសង្គ្រោះយកទៅពេទ្យទាន់ពេល។ ក្រោយមកទៀតបានរយៈពេលមួយខែ ជនរងគ្រោះបានចងក នៅក្រោមផ្ទះម្ដងទៀត នៅពេលប្រពន្ធមិននៅផ្ទះ។ ពេលនោះប្អូនថ្លៃរបស់ជនរងគ្រោះ ឈ្មោះ ជត សុវណ្ណ ឃើញទាន់ក៏ស្ទុះចាប់ស្រាយចេញវិញ។ បន្ទាប់មកនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៩នឹង៣០នាទី ប្រពន្ធជនរងគ្រោះ បានបបួលជនរងគ្រោះមកលេងម្ដាយក្មេក នៅភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ហើយបាននៅលេងរហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ រហូតដល់វេលាម៉ោង ៦នឹង៣០នាទីព្រឹក ប្រពន្ធជនរងគ្រោះក៏ទៅធ្វើការរោងចក្រ នៅស្វាយប៉ាក ដល់ម៉ោង១៦ល្ងាច ចេញពីធ្វើការក៏ទៅផ្ទះរបស់ខ្លួនវិញ។ ប្រពន្ធជនរងគ្រោះបានទូរស័ព្ទមកប្រាប់ម្ដាយក្មេកថា សុំលែងប្ដីហើយ ព្រោះទ្រាំលែងបានហើយពិបាកណាស់។ លុះដល់ម៉ោង ២០ទៅម៉ោង២១ ជនរងគ្រោះបានទូរស័ព្ទទៅប្រពន្ធ និយាយគ្នាថា បើឯងមិនមកផ្ទះវិញទេ ជនរងគ្រោះសុំលារហូត ប្រពន្ធក៏និយាយថាកុំគិតខ្លីពេក រួចមកក៏បិទទូរស័ព្ទដេកបាត់ទៅ។
មកដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៧នឹង២០នាទី ប្រពន្ធជនរងគ្រោះទៅធ្វើការរោងចក្រ ហើយម្ដាយក្មេកឈ្មោះ ប៉ូ ថន បានទូរស័ព្ទប្រាប់ថា ប្ដីកូនឯងបានចងកស្លាប់ហើយ ហើយប្រពន្ធជនរងគ្រោះសុំច្បាប់គេមកមើលជនរងគ្រោះ មកដល់ផ្ទះម្ដាយឃើញ ប្ដីស្លាប់ពិតប្រាកដមែន។
ក្រោយពេលទទួលដំណឹងរួចមក នៅវេលាម៉ោង ៧នឹង២៤នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ជំនាញ និងប៉ុស្ដិ៍អាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ ពេទ្យ បានចុះពិនិត្យសាកសពនៅផ្ទះជនរងគ្រោះ។
ការពិនិត្យសាកសព ចាប់ដំណើរការនៅវេលាម៉ោង ៩នឹង១០នាទី ឃើញថាសាកសពមានស្នាមជាំខ្មៅនៅលើក រាងអក្សរអ៊ុយ និងមានវត្ថុរាវពណ៌សចេញតាមផ្លូវភេទ ហើយមានឈាមចេញតាមមាត់ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីឡើយ។
ការសន្និដ្ឋានចុងក្រោយគឺជនរងគ្រោះស្លាប់ដោយចងកខ្លួនឯងពិតប្រាកដមែន។ សាកសពបានប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ






