គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈនិងកិច្ចការព្រំដែននៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ កាលពីចុងសប្តាហ៏កន្លងទៅ បានដឹកនាំប្រតិភូអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងកសាងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិសាស្រ្តភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ ឯកឧត្តម កែប ជុតិមា បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាល មានឆន្ទៈមោះ មុត និងផែនការច្បាស់លាស់ក្នុងការកសាងផ្លូវក្រវាត់ព្រំដែនឲ្យបានរួចរាល់ចប់សព្វគ្រប់ ពីព្រោះផ្លូវក្រវាត់ព្រំដែននេះមានសារៈសំខាន់ជាច្រើន ដូចជាសរសៃរឈាមនៃផ្នែកសេដ្ឋកិច្ច សង្គមដែលសម្រួលការធ្វើដំណើរ ការដឹកជញ្ជួនទំនិញ កសិផល របស់ប្រជាពលរដ្ឋ ជំរុញការអភិវឌ្ឍក្នុងតំបន់។
ផ្លូវក្រវាត់ព្រំដែន គឺជារបងការពារព្រំដែន បូរណភាព ទឹកដី អធិបតេយ្យជាតិ ដែលមិនមាននរណាអាចរំកិលបានឡើយ។ ឯកឧត្តមបានបញ្ជាក់ថា យុទ្ធសាស្ដ្រការពារទឹកដីរបស់រាជរដ្ឋាភិបាលបានដាក់ចេញតាំងពីជំនាន់សម្ដេចតេជោ ហ៊ុន សែន និងបានកំពុងតែអនុវត្តបន្ដដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា។
ចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានស្ថាបនាផ្លូវបានប្រវែង ៦៨៥គីឡូម៉ែត្រ លើផែនការសរុប១០៦៩ គីឡូ ម៉ែត្រ នៅបន្ទាត់ព្រំដែនជាមួយប្រទេសវៀតណាម។ ចំណែកជាមួយប្រទេសឡាវពីឆ្នាំ ២០១៥ ដល់២០២២ បានកសាងផ្លូវបានប្រវែង១៧៩គីឡូម៉ែត្រ លើផែនការសរុប៣៧៧គីឡូម៉ែត្រ។
ឯកឧត្តមបានលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ចូលរួមបន្តថែរក្សានូវខ្សែបន្ទាត់ព្រំដែន បង្គោលតម្រុយព្រំដែន ដែលភាគីទាំងពីរបានឯកភាពគ្នា និងបង្គោលព្រំដែនបានបោះបង្គោលរួច។
សូមជម្រាបថា រដ្ឋាភិបាលកំពុងប្រើប្រាស់ថវិកាកញ្ចប់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនចំនួនជិត ២៧លានដុល្លារដែលបានពីការចូលរួមដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននិងគ្រប់ស្រទាប់វណ្ណៈដើម្បីកសាងផ្លូវប្រវែង ២៥០ គីឡូម៉ែត្រនៅតាមក្រវាត់ព្រំដែននៃខេត្តមណ្ឌលគិរីនិងរតនគិរី។ ការកសាងផ្លូវនេះចាប់ផ្ដើមនៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៤ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៧។ ការកសាងផ្លូវខ្សែក្រវាត់ព្រំដែននេះគឺ ខេត្តមណ្ឌលគិរី ត្រូវស្ថាបនាផ្លូវប្រវែងប្រមាណ ១៤៧,៥២ គ.មនិងខេត្តរតនគិរី ប្រវែងប្រមាណ ១០២,៤៩ គ.ម៕






