គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសនៅថ្ងៃនេះ ថា ក្នុងរយៈពេល៦ថ្ងៃកន្លងទៅនេះ មានប្រជាពលរដ្ឋជិត ២ម៉ឺននាក់ បានចុះឈ្មោះថ្មីក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២០ និងមានពលរដ្ឋជិត ៣ម៉ឺននាក់ត្រូវបានលុបឈ្មោះពីបញ្ជីបោះឆ្នោត។
ក្នុងសេចក្ដីប្រកាសព័ត៌មាន គ.ជ.ប. បានប្រកាសថា ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតថ្មីចំនួន១៨ ៣៥៥នាក់ បានចុះឈ្មោះបោះឆ្នោតនៅចន្លោះថ្ងៃទី១ ដល់ថ្ងៃទី៦ ខែតុលានេះ ខណៈដែលឈ្មោះពលរដ្ឋដល់ទៅ ២៨ ៧៣៥នាក់ ត្រូវបានលុបចេញពីបញ្ជីបោះឆ្នោត។
គ.ជ.ប ក៏បានប្រកាស ថា ប្រជាពលរដ្ឋ ២៤ ៧១១នាក់ បានកែប្រែទិន្នន័យរបស់ពួកគេនៅក្នុងបញ្ជីបោះឆ្នោត ហើយពលរដ្ឋ២៤ ៤១៦នាក់ទៀត បានផ្ទេរឈ្មោះរបស់ពួកគេទៅកាន់ឃុំឬសង្កាត់ថ្មី។
សូមជម្រាបថា គ.ជ.ប បានចាប់ផ្ដើមពិនិត្យ និងចុះឈ្មោះបោះឆ្នោតថ្មីចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ខាងមុខនេះ។ បើតាមតួលេខដែលចេញដោយ គ.ជ.ប បានបង្ហាញថា ពលរដ្ឋដល់ទៅជាង ៣សែននាក់ ត្រូវគ្រប់អាយុ ១៨ឆ្នាំ និងត្រូវចុះឈ្មោះបោះឆ្នោតនៅក្នុងឆ្នាំ២០២០ នេះ៕






