នៅរសៀលថ្ងៃពុធ ៩ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងដាវ៉ូសក្លូសស្ទរ ប្រទេសស្វីស ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងពិធីជួបជុំក្រៅផ្លូវការរបស់មេដឹកនាំសេដ្ឋកិច្ចពិភពលោក។
នៅក្នុងកិច្ចពិភាក្សា ឯកឧត្តមអគ្គលេខា ធិការអាស៊ាន បានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តឥតងាករេរបស់អាស៊ាន ក្នុងការពង្រឹងសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ តាមរយៈកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ដំណោះស្រាយជម្លោះដោយសន្តិវិធី និងកិច្ចខិតខំប្រឹងប្រែងនៅក្នុងក្របខណ្ឌ ដឹកនាំដោយអាស៊ាន ស្របពេលដែលពង្រឹងភាពជាដៃគូជាមួយសម្ព័ន្ធមិត្តខាងក្រៅដើម្បីវិបុលភាពទៅវិញទៅមក។






