ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវបានគេសម្លាប់ ដោយចងស្លាកសេក និងយកខ្សែនីឡុង ចងផ្អោបជាមួយដុំស៊ីម៉ង់ធ្ងន់ ទម្លាក់ចូលទឹកទន្លេ។ សាកសពខាងលើត្រូវបានគេប្រទះឃេីញអណ្តែតទឹក ចំណុចក្នុងទឹកបឹងទទួលតាមុិច ខាងលិចភូមិព្រែកលោក ចម្ងាយ៥.០០០ម៉ែត្រ ជាប់ព្រំប្រទល់ខេត្តតាកែវ ស្ថិតនៅក្នុងភូមិព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល នៅវេលាម៉ោង ២១ៈ២១នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨។
តាមរបាយការណ៍របស់ប៉ូលិសបានអោយដឹងថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ មានភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ សម្បុរស កំពស់១,៨០ម៉ែត្រ ស្លៀកខោខូវប៊យជេីងវែង ពណ៌ទឹកប៊ិច ខ្សែក្រវ៉ាត់ពណ៌ សូកូឡា ក្បាលខ្សែក្រវ៉ាត់ មានអក្សរ GA ខោលីអូរក្នុងពណ៌ខៀវ ម៉ាក STAMAN ពាក់អាវក្រណាត់ផ្កា ដៃវែង ពណ៌ក្រម៉ៅ សក់ខ្លីអង្គោះ មានរោមទ្រូង រោមខ្នង និងរោមពុកចង្កា ធ្មេញល្អិត ធ្មេញខាងលេីផ្នែកខាងឆ្វេង មានដាំត្បូងពណ៌ស នៅកដៃខាងឆ្វេង មានពាក់កងដៃ (សាលូ) ក្រណាត់យឺតពណ៌ខ្មៅ មានអក្សរម៉ាក Adidas។
សភាពរឿងហេតុ យោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋ នៅភូមិព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៨ៈ០០នាទី គាត់បានឃេីញសាកសពមនុស្សអណ្តែត នៅក្នុងទឹកបឹង ចំណុចទួលតាមុិច ខាងលិចភូមិព្រែកលោក ចម្ងាយប្រហែល ៥.០០០ម៉ែត្រ ជិតព្រំប្រទល់ដីខេត្តតាកែវ ស្ថិតក្នុងភូមិ ព្រែកលោក ឃុំព្រែកស្តីស្រុកកោះធំ ខេត្តកណ្តាល។ ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលស្រុក បានចុះសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្តី ស្វែងរកសាកសព។ តាមការរាយការណ៍ របស់ប្រជាពលរដ្ឋ រហូតដល់ម៉ោង ២១ៈ២១នាទី ថ្ងៃដដែល ទេីបប្រទះឃេីញសាកសព ហើយរង់ចាំមន្ត្រីជំនាញការិយាល័យខេត្ត ចុះធ្វេីការពិនិត្យសាកសព។
នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ វេលម៉ោង៩ៈ០០នាទី មន្ត្រីជំនាញខេត្ត បានសហការជាមួយជំនាញស្រុកប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់កន្លែង ប្រទះឃេីញសាកសព ដេីម្បីធ្វេីការពិនិត្យសាកសព។
សាកសពត្រូវបានយកពីកន្លែងប្រទះឃេីញ យកមកទីទួលដេីម្បីធ្វេីការពិនិត្យ។ ការពិនិត្យឃើញថា ជនរងគ្រោះមានសភាពហេីម របកស្បែក ពិបាកក្នុងការពិនិត្យ។ សភាពសាកសពត្រូវបានរុំនឹងខ្សែនីឡុង ពណ៌ស ចំនួន៨ជុំ ប្រវែង១២,៥០ម៉ែត្រ ទំហំ១៦មីលីម៉ែត្រ បត់ខ្លួនមកមុខ ជង្គង់ទាំង២ទល់នឹងចង្កា ចងកដៃទាំង២មកក្រោយ ដោយខ្សែនីឡុងពណ៌ស ទំហំ២០មីលីម៉ែត្រ ប្រវែង១២០សង់ទីម៉ែត្រ និងខ្លួនមានចងសណ្តោនដុំថ្មបេតុង (ជេីងឆ័ត្រ) រាងបួនជ្រុង មានអក្សរ KHB និងមានដងដែកបំពង់ទីប ថ្លឹងសរុបទម្ងន់៣៦គីឡូក្រាម។
ក្រោយមកសមត្ថកិច្ចបានលេីកសាកសពដាក់លេីទូក យកទៅទីទួលដេីម្បីធ្វេីការពិនិត្យ។ ការពិនិត្យផ្នែកក្បាល ជនរងគ្រោះមានពាក់ស្រោមមុខក្រណាត់យឺតពណ៌ខ្មៅ និងមានក្រម៉ាពោះគោ ពណ៌ក្រហមគ្របមុខ នៅលេីថ្ងាសខាងស្តាំ មានស្នាមរបួសទំហំ ០១ស.ម ជម្រៅដល់លលាដ៍ក្បាល, កទន់បង្វិលបាន, ផ្នែកមាត់ ធ្មេញខាំអណ្តាត, ផ្នែកដងខ្លួន និងអាវៈយវៈពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡេីយ។
ឆ្លងតាមការពិនិត្យលេីសាសពរបស់មន្ត្រីជំនាញ និងលោកគ្រូពេទ្យ គណៈកម្មការចំរុះ បានធ្វើសេចក្ដីសន្និដ្ឋានថា ករណីនេះជាករណីឃាតកម្ម។ ក្រោយពីពិនិត្យចប់សព្វគ្រប់ យោងតាមរដូវទឹកឡើង ហេីយនៅភូមិសាស្រ្តស្រុកកោះធំ ពុំមានទីទួលសុវត្ថិភាពដេីម្បីបញ្ចុះសាកសព សមត្ថកិច្ច រួចជាមួយអាជ្ញាធរមូលដ្ឋាន បានសំរេចដឹកសាកសពយកទៅបញ្ចុះ រក្សាទុកនៅទួលតានូយ ស្ថិតនៅក្នុងភូមិបានកាម ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ដេីម្បីប្រកាសរកអត្តសញ្ញាណជនរងគ្រោះ និងស្វែងរកក្រុមគ្រួសារសាច់ញាតិ និងរង់ចាំក្រុមគ្រួសារសព មកធ្វើការទាក់ទង៕













