សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធអគារសិក្សាថ្មី នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលចំណាយថវិកា ជិត២ លានដុល្លារអាមេរិក។
សម្តេចតេជោ បានអះអាងថា សម្តេចមិនស្ទាក់ ស្ទើរនោះទេ ក្នុងការវិនិយោគ និងការចំណាយលើវិស័យអប់រំ ព្រោះមានតែវិស័យអប់រំនេះ ដែលរុញច្រានកម្ពុជា ឲ្យមាន ការរីកចំរើនឈានឡើង។
នៅក្នុងពិធីសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារទី៣០ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យមានការពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាល នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ក្រោយឧត្ដមសិក្សា ដោយស្វែងរកសាស្ដ្រាចារ្យល្អៗមកបង្រៀនដល់និស្សិតនៅទីនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៏ថា សម្តេចមិនស្ទាក់ស្ទើរនោះទេ ក្នុងការវិនិយោគ និងការចំណាយលើការពង្រឹងវិស័យអប់រំនៅព្រះរាជាណាចក្រ កម្ពុជា ត្បិតកម្ពុជា ត្រូវការធនធានមនុស្សកាន់តែច្រើន ដើម្បីជំរុញដល់កិច្ចដំណើ ការអភិវឌ្ឍសង្គមជាតិ។
ឯកឧត្តម ឈិត សុខន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានមានប្រសាសន៏ថា អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវបានសាងសង់ឡើង ដោយចំណាយថវិកាសរុប២លានដុល្លារសហរដ្ឋអាមេរិក។
ថវិកាសាងសង់អគារសិក្សាថ្មីនេះ ទទួលបានការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជននានា។ អគារនេះ មានកម្ពស់៩ជាន់ ស្មើនឹង៤៥បន្ទប់ ដោយបានរចនាប្លង់ស្ថាបត្យកម្មរចនាប័ទ្មខ្មែរ បែបសហសម័យ នាសម័យតេជោសន្តិភាព និងអភិវឌ្ឍន៍ ដោយសំយោគចូលនូវរចនា ប័ទ្មស្ថាបត្យកម្មខ្មែរសំខាន់ៗ រួមមានស្ថាបត្យកម្មប្រពៃណីផ្ទះបុរាណខ្មែរ ព្រះពុទ្ធសាសនា ប្រាសាទបុរាណខ្មែរ (អង្គរវត្ត បន្ទាយស្រី និងប្រាសាទបាគង) សំណង់បេតិកភណ្ឌអាណានិគម និងស្ថាបត្យកម្មទំនើបកម្ម។
ក្រៅពីនេះ អគារ កំពុងបំពាក់សម្ភារៈបរិក្ខារទំនើបៗ និង តភ្ជាប់បណ្តាញអ៊ិនធើណេត ដែលមានល្បឿនលឿន ចំណាយថវិកាអស់ប្រមាណ ៥៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ក្នុងនោះថវិការបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រោយពីការសាងសង់រួចចំនួន ៣៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងនៅខ្វះថវិកាចំនួន ២២ម៉ឺនដុល្លារបន្ថែមទៀត។
ការបំពាក់សម្ភារៈបរិក្ខារនេះ នឹងផ្តល់លទ្ធភាពដល់សមណនិស្សិត និស្សិត ក្នុងការប្រើប្រាស់ និងសិក្សាស្រាវជ្រាវ៕






