សមត្ថកិច្ចស្រុកព្រះស្ដេច ខេត្តព្រៃវែង បានឃាត់ខ្លួនជន សង្ស័យ២នាក់ ដែលយកដុំថ្មគប់កញ្ចក់ឡានរថយន្តអ្នកដំណើរបណ្ដាលឲ្យបែកកញ្ចក់ និងរងរបួស។
ការឃាត់ ខ្លួននេះ ក្រោយលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានដាក់បទបញ្ជាឲ្យសមត្ថ កិច្ចពាក់ព័ន្ធ ធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនបង្ក មកផ្តន្ទាទោសតាមផ្លូវច្បាប់។
សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៩យប់ មានក្មេងទំនើង ២នាក់ បានយកដុំឥដ្ឋគប់កញ្ចក់រថយន្តម៉ាក FUSO សណ្ដោងរ៉ឺម៉ក ពាក់ផ្លាកលេខ ព្រៃវែង 3A-2100 នៅតាមផ្លូវលេខ ៣១២ ចំណុចភូមិពានី ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង បណ្តាលឲ្យរថយន្តបែកកញ្ចក់ទ្វារខាងឆ្វេង និងរងរបួសដល់អ្នកបើកឈ្មោះ ឈៀវ វន្នី ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិឫស្សីជួរ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ឡុង សុផាត នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បាន ដឹកនាំកម្លាំងជំនាញ សហការជាមួយ ស្នងការរងទទួលមុខព្រួញស្រុកព្រះស្ដេច លោកអធិការ អធិការរង នាយផ្នែក នាយប៉ុស្តិ៍រដ្ឋបាលល្វា និងប៉ុស្ដិ៍រំចេក ចុះធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យគប់កញ្ចក់រថយន្តខាងលើ ទាំងយប់ទាំងថ្ងៃ អស់រយៈពេល៧ថ្ងៃជាប់គ្នា ទីបំផុតកម្លាំងជំនាញកំណត់មុខសញ្ញា និងឃាត់ខ្លួនជនបង្កបាន។
ជនសង្ស័យមានចំនួនពីរនាក់ ទី១.ឈ្មោះ សុត ដេ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងឈូក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៣។
ទី២. ឈ្មោះ អាន ហន ភេទប្រុស អាយុ ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងឈូក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២៣។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ សុត ដេ បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានធ្វើសកម្មភាពយកដុំឥដ្ឋគប់ទៅលើរថយន្តម៉ាក FUSO បណ្តាលឲ្យបែកកញ្ចក់ពិត ប្រាកដមែន តែត្រង់ថាត្រូវរបួសមនុស្ស ឬយ៉ាងណាខ្លួនគេពុំបានដឹងឡើយ។
រីឯជនសង្ស័យ អាន ហន បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានរួមគំនិតជាមួយជនសង្ស័យ សុត ដេ ពិតប្រាកដមែន ប៉ុន្តែមិនបានគប់នោះទេ ដោយ ពេលនោះ គេនៅអង្គុយលើម៉ូតូ។ មូលហេតុនៃការគប់កញ្ចក់រថយន្តនោះ គឺដោយសារតែរថយន្ត FUSO មិនឲ្យពួកគេបើកម៉ូតូវ៉ានោះទេ បន្ទាប់មកពួកគេក៏ជិះម៉ូតូតាមក្រោយរថយន្តនោះបានចម្ងាយប្រហែល ៣០០០ម៉ែត្រ ទើបវ៉ារថយន្តនោះបាន។
ពេលជិះវ៉ាផុតក្បាលរថយន្តបន្តិច ពួកគេងាកមើលអ្នកបើកបររថយន្ត ពេលនោះអ្នកបើកបររថយន្តបានស៊ីផ្លេដាក់ពួកគេ ធ្វើឲ្យពួកគេមានចិត្តខឹងយ៉ាងខ្លាំង ក៏ជិះម៉ូតូទៅឈប់នៅខាងមុខមុន ហើយឈ្មោះ សុត ដេ បានរើសយកដុំឥដ្ឋនៅក្បែរនោះឈរចាំគប់ ពេលរថយន្តបើកមកដល់ ឈ្មោះ សុត ដេ ក៏បានយកដុំឥដ្ឋនោះគប់សំដៅទៅរថយន្តខាងលើ បណ្តាលឲ្យបែកកញ្ចក់ ប៉ុន្តែមិនបានដឹងថា ត្រូវតៃកុង ឬ យ៉ាងណាទេ បន្ទាប់ពីគប់រួច ពួកគេក៏បានឡើងជិះម៉ូតូគេចខ្លួនតែម្តង។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រៃវែងរួចរាល់ ហើយចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង ក៏បានចេញដីកាសម្រេចឃុំខ្លួនពួកគេជាបណ្តោះអាសន្ន ៕ រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ






