ខេត្ដព្រៃវែង ៖ យុវជន២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារជិះម៉ូតូឌុបគ្នាជ្រុលចង្កូតទៅបុកបង្គោលថ្មស្លាកសញ្ញាសម្គាល់ ចិញ្ចើមផ្លូវជាតិលេខ៨ កាលពីវេលាម៉ោង10និង30នាទីយប់ ថ្ងៃទី 27 ខែកក្កដា ឆ្នាំ2018 ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ 51 52 ស្ថិតក្នុងភូមិវៃវេទ, ឃំុរាប, ស្រុកពារាំង, ខេត្តព្រៃវែង។
សមត្ថកិច្ចនគរបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ដែលស្លាប់បាត់បង់ជីវិត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនោះ ម្នាក់ឈ្មោះ វិន វី ភេទប្រុសអាយុ22ឆ្នាំ មានទីលំនៅភូមិមេលោង, ឃុំព្រៃស្នៀត, ស្រុកពារាំង ជាអ្នកបើកម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ “ភ្នំពេញ”1GT.8276 និងរួមដំណើរជាមួយម្នាក់ទៀតឈ្មោះ ខាន់ ជៃ ភេទប្រុសអាយុ19ឆ្នាំ មានទីលំនៅភូមិទំពាំងជ្រើស, ឃំុព្រៃស្នៀត, ស្រុកពារាំង។
ប្រភពព៌តមាននិយាយថា មុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង២នាក់ ជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿន ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើ ក៍បានជ្រុលចង្កូតទៅបុកបង្គោលថ្មស្លាកសញ្ញាចំណាំងផ្លូវ នៅចិញ្ចើមថ្នល់ពេញទំហឹងបណ្តាលឲ្យជនរងគ្រោះទាំង២នាក់ ហោះផ្លោងឡើងលើដូចសត្វធ្លាក់មកវិញបោកក្បាលស្លាប់តែម្តង។
ក្រោយទទួលបានព៌តមាន កម្លាំងនគរបាលជំនាញ សហការជាមួយនគរបាលប៉ុស្តិ៍ បានចុះទៅពិនិត្យនិងធ្វើការវាស់វែង រួចក៍ធ្វើកំណត់ហេតុប្រគល់ម៉ូតូ និងសព ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ព្រោះថាករណីនេះជនរងគ្រោះបង្កឡើងដោយខ្លួន៕ សឹុម សាន់







