ភ្នំពេញ ៖ បុរសចិត្តខ្លាំងម្នាក់បាន ចាក់សាំងដុតសម្លាប់ខ្លួនឯងដោយសារតែតូចចិត្តប្រពន្ធរត់ចោល។ ទោះជាងណាការ ប៉ុនប៉ងធ្វើអត្តឃាត មិនបានស្លាប់ដូចបំណងឡើយ ដោយប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ទាន់ តែខ្លួនត្រូវភ្លើងឆេះពេញដង ខ្លួន។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅខាងក្រោយសាលាបឋមសិក្សាជម្ពូវ័នក្នុង ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
បុរសដែលគិតខ្លីរូបនេះត្រូវបានគេស្គាល់ឈ្មោះព្រំ ដាវិន អាយុ អាយុ៣៥ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។ចំណែកស្រ្តីជាប្រពន្ធពុំស្គាល់ឈ្មោះឡើយ។
តាមប្រជាពលរដ្ឋបានអោយដឹងថា បុរសរូបនេះជាមនុស្សញៀនថ្នាំ ហើយកន្លងមកដោយសារឥទ្ធិពលគ្រឿងញៀន បានរករឿងវាយធ្វើបាបប្រពន្ធ ទើបប្រពន្ធទ្រាំលែងបានរត់ចោលបាត់ ដែលជាហេតុធ្វើឲ្យរូបនោះខូចចិត្តខ្លួនឯង។
តាមព័ត៌បានអោយដឹងទៀតថា នៅមុនពេលកើតហេតុគេឃើញបុរសរូបនោះ បានទិញសាំងមួយដបមកចាក់ស្រោចខ្លួន ហើយយកដែកកេះដុតខ្លួន បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោរសន្ធៅ និងប្រកាច់ននៀលលើដីគួរឲ្យសង្វេគបំផុត។ ភ្លាមៗ នោះ អ្នកជិតខាងបាននាំគ្នាជួយពន្លត់រហូតភ្លើងរលត់ទៅវិញ ប៉ុន្តែ ខ្លួនប្រាណបុរសនោះ ត្រូវភ្លើងឆេះខ្លោចរលួយរលេះ រងរបួសធ្ងន់ធ្ងរ។
បុរសរូបនោះ ត្រូវនគរបាលប៉ុស្ដិ៍ចោមចៅ៣ ហៅរថយន្តសង្គ្រោះអង្គភាព៧១១ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ព្រះកុសុមៈ។ តាមស្ថានភាពរបួសត្រូវគ្រូពេទ្យអោយដឹងថាបុរសរូបអាចប្រឈមមុខគ្រោះថ្នាក់ដល់អាយុជីវិត៕ ម៉េង ធា









