ក្នុងរដូវពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏ធំមួយរបស់ប្រជាជនខ្មែរ ដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និង នាំយកអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅជូនដល់នាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចអន្តរាគន៍លេខ៧នៅទីបញ្ជាការកងពល ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានសម្តែងនូវការកោត សរសើរចំពោះស្មារតីតស៊ូដ៏អង់អាចក្លាហាន ប្រកបដោយវីរភាពរបស់បងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារបូរណភាព ទឹកដី ការពារជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើង។
ស្ថិតក្នុង ស្ថានភាពដែលប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការល្អ ការចងក្រងសម្ព័ន្ធមេត្រីភាពរវាងក្រសួង ស្ថាប័ន កងនគរបាលជាតិ និងក្រុមហ៊ុនឯកជន ក៏ត្រូវបានបង្កើតឡើង ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់វិស័យការពារជាតិឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។
ការផ្សាភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ គឺជាកាតព្វកិច្វរបស់យើងគ្រប់គ្នា តាមពាក្យស្លោក “ការពារជាតិ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ”។
ឯកឧត្តរដ្ឋមន្រ្តីបានលើកឡើងពីវឌ្ឍនភាពមួយចំនួនរបស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងសមិទ្ធិផលជាប្រវត្តិសាស្ត្រជាច្រើនទៀតដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្រោមម្លប់សន្តិភាព និងការបង្រួបបង្រួមជាតិ ជាកម្លាំងតែមួយ ដែលអាចដោះស្រាយបាននូវវិបត្តិធំៗនៅចំពោះមុខ តួយ៉ាងដូចជាវិបត្តិជាសកលជំងឺកូវីដ-១៩ ដែលកម្ពុជាមានសមត្ថភាពអាចគ្រប់គ្រងដោយជោគជ័យ មានឱកាសកសាងបាននូវហេដ្ឋារចនា សម្ព័ន្ធរូបវន្តរបស់ជាតិ ពិសេសពលរដ្ឋមានជីវភាពធូរធារជាលំដាប់។
នាឱកាសនោះបាននាំនូវអំណោយរបស់សមេ្តចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ផ្តល់ជូនដល់ នាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ នូវ គ្រឿងឧបភោគ បរិភោគ សរុបចំនួនជាង២០០លានរៀល។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា អំណោយទាំងនេះ ចាត់ទុកថាជាស្មារតីសាមគ្គី សហការ រវាងកងទ័ព ស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាជន។ នេះគឺជាខឿនការពារជាតិដ៏រឹងមំា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល៕ ដោយ៖ សំអាត និង ពិសិដ្ឋ






