ឯ.ឧ អភិបាលរាជធានីភ្នំពេញ បានអញ្ជើញប្រតិភូទីក្រុងហាណូយមកបំពេញទស្សនៈកិច្ចនៅរាជធានីភ្នំពេញ ដើម្បីផ្លាស់ប្តូរបទពិសោធន៏ ក្នុងការអភិវឌ្ឍន៏ទីក្រុងនិងស្របពេលនៃខួបលើកទី១៨ឆ្នាំនៃការចងសម្ពន្ធ័មេត្រីភាពរវាងរាជធានីភ្នំពេញ និងទីក្រុងហាណូយផងដែរ។គួរបញ្ជាក់ដែរថា៖ដំណើរ ទស្សនៈកិច្ចរបស់គណៈប្រតិភូរាជធានីភ្នំពេញ បានទទួលនិងអមដំណើរដោយ ឯ.ឧចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាមផងដែរ។
ការស្នើនេះ ធ្វើឡើងក្នុងគ្រា ដែលគណៈប្រតិភូសាលារាជធានីភ្នំពេញ ដឹកនាំដោយ ឯ.ឧ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបសំដែងការគួរសមជាមួយ ឯ.ឧ ជិន ស៊ីថាញ់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្នុងដំណើរទស្សនៈកិច្ចផ្លូវការរបស់ ឯ.ឧ ឃួង ស្រេង និងប្រតិភូរាជធានីភ្នំពេញនៅរដ្ឋធានីហាណូយ។
ឯ.ឧ ជិន ស៊ីថាញ់ បានស្វាគមន៏យ៉ាងកក់ក្តៅចំពោះដំណើរទស្សនៈកិច្ចរបស់ប្រតិភូទីក្រុងភ្នំពេញដែលដំណើរទស្សនៈកិច្ចនេះ ចំពេលខួបគម្រប់៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា។ ឯ.ឧ ជិន ស៊ី ថាញ់ បានលើកឡើងពីការដាក់ចេញនូវផែនការអភិវឌ្ឍន៏ទីក្រុងហាណូយពីឆ្នាំ២០៣០ដល់ឆ្នាំ២០៤៥ អោយក្លាយជាទីក្រុងវៃឆ្លាត (Smart city) ដោយផ្តោតសំខាន់លើការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ពន្ធ័រូបវ័ន និងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមដូចនៅរាជធានីភ្នំពេញដែរ នៅពេលទីក្រុងរីកចំរើនតែងជួបបញ្ហាប្រឈម មានដូចជា៖កកស្ទះចរាចរណ៏,បញ្ហាកាកសំណល់,ទឹកកខ្វក់,និងទឹកលិចដោយ សារជំនន់ទឹកភ្លៀងផងដែរ។
ជាមួយគ្នានេះ រដ្ឋធានីហាណួយនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋ,ប្រជាជន និងប្រជាជននៃទីក្រុងទាំង២ ហាណូយ.ភ្នំពេញឲ្យកាន់តែរឹងមាំថែមទៀត។
ឯ.ឧ ឃួង ស្រេង បានសំដែងក្តីរីករាយដែលថ្នាក់ដឹកនាំទីក្រុងហាណូយ បានទទួលស្វាគមន៏យ៉ាងកក់ក្តៅរាក់ទាក់ចំពោះប្រតិភូរាជធានីភ្នំពេញនាពេលនេះ។
ឯ.ឧអភិបាលរាជធានីភ្នំពេញ និងអភិបាលទីក្រុងហាណូយបានឯកភាពគ្នា ទៅលើការបន្តកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជាវិស័យ៖អប់រំ,ទេសចរណ៏,វប្បធម៏,សុខាភិបាល,សេដ្ឋកិច្ច ពាណិជ្ជកម្មជាដើម និងឯកភាពលើការបន្តផ្លាស់ប្តូរគណៈប្រតិភូរវាងទីក្រុងទាំង២ឲ្យបានញឹកញ៉ាប់តាមដែលអាចធ្វើ បាន។ឯ.ឧឃួង ស្រេង បានថ្លែងអំណរគុណដល់ប្រជាជន និងថ្នាក់ដឹកនាំទីក្រុងហាណូយដែលបានជួយដល់រាជធានីភ្នំពេញទាំងទឹកចិត្ត ថវិកា និងសម្ភារះជាបន្តបន្ទាប់ក្នុងបុព្វហេតុអភិវឌ្ឍន៏រាជធានីភ្នំពេញក្នុងនាមទីក្រុងសម្ពន្ធ័ភាពក្រោមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រី។ឯ.ឧអភិបាលបានជំរុញឲ្យមានការផ្សព្វផ្សាយពីច្បាប់វិនិយោគ នៃប្រទេសទាំង២ ទៅដល់អ្នកវិនិយោគនៃទីក្រុងទាំង២ឲ្យបានយល់កាន់តែច្បាស់ងាយស្រួលក្នុងការដាក់ទុនវិនិយោគ និង ពង្រឹងការទប់ស្កាត់អំពើល្មើសច្បាប់នានាសំរាប់ទីក្រុងទាំង២ផងដែរ៕ ដោយ៖ សំអាត និង ពិសិដ្ឋ






