ធនាគារពិភពលោក នឹងជួយគម្រោងកែលម្អការ គ្រប់ គ្រងសំណល់រឹង និងផ្លាស្ទិកទាំងក្នុងកម្រិតថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជា ពលរដ្ឋ។
ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណ ការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងធនាគារពិភពលោកសម្រាប់គម្រោងកែលម្អការគ្រប់គ្រងសំណល់រឹង និងផ្លាស្ទិកក្រោមហិរញ្ញ ប្បទានឥណទានសម្បទានរបស់ធនាគារពិភពលោក (World Bank) តាមប្រព័ន្ធវីដេអូពីចម្ងាយ។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិភាក្សាលម្អិតលើគម្រោងផែនការកែលម្អការគ្រប់គ្រងសំណល់រឹង និងផ្លាស្ទិក (Cambodia Solid Waste and Plastic Management Improvement Project) និងការបែង ចែកភារកិច្ចការងារទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រងលើការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព បម្រើដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋជារួម។ គួរកត់សម្គាល់ថា៖ គម្រោងកែលម្អការគ្រប់គ្រងសំណល់រឹង និងផ្លាស្ទិកនេះ គ្រោងនឹងចាប់ផ្ដើមចរចាគម្រោងនៅចុងខែមីនា ឆ្នាំ២០២៣ ខាងមុខ ដោយផ្ដោតទាំងកម្រិតតំបន់ដែលបានជ្រើសរើស និងកម្រិតថ្នាក់ជាតិផងដែរ៕






