ខេត្តឧត្តរមានជ័យ ៖ ព្រៃឈើដែលគ្រប់គ្រងដោយព្រះសង្ឃ នៅខេត្តឧត្តរមានជ័យ បានបែកធ្លាយថា មានមន្រ្តីសង្ឃ បានចូលអារឈើចេញពីរចំណុចអូរគគីរ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន មិនមែនប្រជាពលរដ្ឋ ឬក្រុមឈ្មួញនោះទេ តែកើតឡើងផ្តើមចេញពីមន្ត្រីអ្នកការពារ ថែរក្សា អនុញ្ញតិអោយកាប់បំផ្លាញ រួចដឹកជញ្ជូនតាមរថយន្ត។
ជាក់ស្តែងកាលពីយប់ ថ្ងៃទីថ្ងៃទ២៧ ខែសីហា ឆ្នាំ២០១៨ មានរថយន្តយីឌុបមួយគ្រឿង ស្លាកលេខភ្នំពេញ 1B.1622 ដឹកឈើយកមកដាក់ទីតាំងចំនួន២កន្លែង ក្នុងភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលសុទ្ធតែជាឈើប្រណិតគ្រប់ប្រភេទ រួមមានឈើធ្នង់ ឈើគគីរ ឈើក្រំ និងឈើសម្រាប់សាងសង់លំនៅដ្ឋាន។ ហើយចំពោះរថយន្តដឹកឈើនោះ មានព្រះសង្ឃព្រះនាម សូត្រ សារស់ បានអះអាងថា មានការអនុញ្ញតិ (ប្រាប់ផ្ទាល់មាត់) ពីព្រះអង្គ ប៊ុត សាលួត ប្រធានការពារដែនជម្រកសត្វព្រៃ និងលោក ខន ខែម នាយផ្នែករដ្ឋបាលព្រៃឈើក្រុងសំរោងរួចរាល់ហើយ ដើម្បីយកទៅធ្វើផ្ទះ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក អឹម សាវរិទ្ធ នាយខណ្ឌរបាលព្រៃឈើខេត្តឧត្តរមានជ័យ បានអោយដឹងថា រូបលោកបានដឹងរឿងការដឹកជញ្ជូនឈើនេះដែរ ថាព្រះសង្ឃបានសុំដឹកឈើ យកទៅធ្វើផ្ទះប៉ុណ្ណោះ តែមិនមែនដឹកធ្វើអាជីវកម្មនោះទេ។
លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានប្រាប់អោយដឹង នៅរសៀលថ្ងៃទី២៨ ខែសីហា ថា បន្ទាប់់ទទួលពត៌មាន លោកបានចាត់់អោយមន្ត្រី ចុះធ្វើការស្រាវជ្រាវផងដែរ។ ក្នុងនោះឈើមួយផ្នែកដែលដឹក យប់ថ្ងៃទី២៧ ខែសីហា បានដឹកយកមកដាក់ផ្ទះព្រះអង្គមួយ ចំនួន សម្រាប់ធ្វើការជុសជុលផ្ទះ និងមួយផ្នែកទៀត បានយកមកទម្លាក់់នៅវត្តរាជាសំំរោង។ ហើយចំពោះករណីដែលថា ដឹកនៅយប់ថ្ងៃទី២៦ ខែសីហា ត្រង់ភូមិភ្នៀតខាងត្បូង សង្កាត់សំរោង មន្ត្រីកំពុងធ្វើរបាយការណ៍ ជូនក្រសួងរួចរាល់ហើយ។
សូមបញ្ជាក់ដែរថា តំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ថ្មីៗកន្លងមកនេះ ប្រមុខរាជរដ្ឋាភិបាល យោងតាមសំណើរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចេញអនុក្រឹត្យផ្តល់ផ្ទៃដីចំនួន៣០.២៥៤ហិចតា ដែលមានព្រំប្រទល់ជាប់ស្រុកអន្លង់វែង ស្រុកចុងកាល់ និងក្រុងសំរោង និងបានសុំទៅប្រមុខរាជរដ្ឋាភិបាល ដាក់បញ្ចូលផ្ទៃដីមួយចំនួន ជាប់នៅជិតតំបន់នោះបន្ថែមទៀត ដើម្បីបង្កើតទៅជាដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ឲ្យបានធំទូលាយ។ ហើយការសម្រេចផ្តល់ដីរបស់រាជរដ្ឋាភិបាល ជាង៣ម៉ឺនហិកតា សម្រាប់បង្កើតជាដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន នៅក្នុងខេត្តឧត្តរមានជ័យនេះ គឺមានសារសំខាន់ខ្លាំងណាស់។ ក្នុងនោះគឺដើម្បីធានានិរន្តរភាព ជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ជីវចម្រុះដើម្បីរក្សាលំនឹងបរិស្ថាន ដែលជាការរួមចំណែក កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យមហន្តរាយធម្មជាតិ៕






