ខេត្តកំពង់ស្ពឺ ៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយប៉ូលីសអន្តរជាតិ (Interpool) របស់ថៃ បើកប្រតិបត្តិការរួមគ្នា ឈានទៅចាប់ខ្លួនជនជាតិថៃពីរនាក់ ដែលបានសម្លាប់ស្ត្រីម្នាក់ជាជនជាតិថៃដូចគ្នា ប្លន់យកទ្រព្យសម្បត្តិ នៅក្នុងប្រទេសថៃ ហើយរត់មកសម្ងំលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា ជាងមួយខែមកហើយ។
យោងតាមសេចក្តីរាយការណ៍ ពីមន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា ជនជាតិថៃដែលចាប់ខ្លួនបានចំនួន០២នាក់នេះ រួមមានទី០១ ឈ្មោះ អាស សីហា ហៅកូ ភេទប្រុស អាយុ៣៣ឆ្នាំ និងឈ្មោះ អានុ វ៉ាត់ ហៅចឹក អាយុ៣២ឆ្នាំ។
ប្រភពដដែលបានបន្តទៀតថា ជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួននៅផ្ទះជួល ក្នុងភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្សកំពង់ស្ពឺ ហើយសមត្ថកិច្ចចម្រុះ បានដកហូតបានម៉ូតូចំនួន០២គ្រឿងផងដែរ។
បើតាមប្រភពមួយទៀត បាននិយាយអោយដឹងថា បានជាកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួន បុរសជាជនជាតិថៃទាំង០២នាក់នេះ ដោយកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ បុរសខាងលើ បានធ្វើសកម្មភាពប្លន់សម្លាប់ស្ត្រីម្នាក់ ជាជនជាតិថៃដូចគ្នា យកទ្រព្យសម្បត្តិ និងជាអ្នកជំនួញធំប្រចាំប្រទេសថៃ មានឈ្មោះ ហៃស៊ូឈើរី អាយុជាង៥០ឆ្នាំ ហើយក្រុមជនសង្ស័យបានរត់គេចខ្លួន ចូលមកសង្ងំលាក់ខ្លួន ក្នុងភូមិ ឃុំ ស្រុក ខាងលើ។ បន្ទាប់ពីបានធ្វើការស្រាយជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបបានហើយ។
បច្ចុប្បន្នក្រុមជនសង្ស័យទាំង០២នាក់ខាងលើ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីរៀបចំឯកសារ កសាងសំណុំរឿងបញ្ជូនបន្ត ទៅប៉ូលីសថៃ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ អ៊ុ ណូន














