នៅក្នុងកិច្ចប្រជុំស្ដាប់របាយការណ៍ស្ដីពីអត្តសញ្ញាណបណ្ណដែលផុតសុពលភាព នៅទីស្ដីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២នេះឯកឧត្តម នាយឧត្តមសេនីយ៍ កង សាខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា គិតមកដល់ពេលនេះ មានប្រជាពលរដ្ឋជាង ១២លាននាក់ បានទទួលអត្តសញ្ញបណ្ណ ក្នុងនោះអត្តសញ្ញាណបណ្ណត្រូវផុតសុពលភាពនាចុងឆ្នាំ២០២២ មានជាង ៨០ម៉ឺននាក់ ខណៈជាមធ្យមបានផ្ដល់អត្តសញ្ញាបណ្ណជូនពលរដ្ឋប្រមាណ៣ពាន់នាក់ក្នុងមួយថ្ងៃ។
ឯកឧត្ត នាយឧត្តមសេនីយ៍ ក៏បានទាញការកត់សម្គាល់ដែរថា ចំនួនអត្តសញ្ញាណបណ្ណផុតសុពលភាព អាចបន្តកើនឡើងដល់ច្រើនជាង ១លាននាក់ បើគិតដល់ខែកក្កដា ឆ្នាំ២០២៣ និងថា ក្នុងចំណោមប្រជាពលរដ្ឋ មានអត្ត សញ្ញាណបណ្ណត្រូវផុតសុពលភាពនាពេលខាងមុខនោះ មួយចំនួនបានទទួលមរណភាព មួយចំនួនជាប់ពន្ធនាគារ និងមួយចំនួនធំបានធ្វើចំណាកស្រុក។
ឯកឧត្ត នាយឧត្តមសេនីយ៍ អគ្គនាយកបានបន្តថា សម្រាប់វិធានការដោះស្រាយចំពោះមុខនេះ គឺជំរុញការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងទាមទារការគាំទ្រពីឱ្យបានសកម្មពីអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ដើម្បីឱ្យពលរដ្ឋបានដឹងថាអត្តសញ្ញាណបណ្ណដែលខ្លួនកំពុងប្រើប្រាស់នោះជិតអស់សុពលភាព ហើយចូលរួមបំពេញនីតិវិធីធ្វើអត្តសញ្ញាណបណ្ណថ្មីឡើងវិញ។
ថ្លែងបើកកិច្ចប្រជុំនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាដោយមានការចាំបាច់ សម្ដេចបានស្នើបើកកិច្ចប្រជុំនាថ្ងៃនេះ ដើម្បីស្ដាប់របាយការណ៍ និងរកដំណោះស្រាយ ប្រសិនបើមានបញ្ហាប្រឈម ទាក់ទងនឹងការផុតសុពលភាពអត្តសញ្ញាណបណ្ណ ស្របពេលគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងដំណើរការចុះឈ្មោះបោះឆ្នោត៕
មៀច សំអាត






