មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការសាក ល្បងនៃយន្តហោះគ្មានមនុស្សបើកដែលផលិតក្នុងស្រុកដោយការ ត្រួតពិនិត្យការសាកល្បងនេះក្នុងដំណើរទស្សនកិច្ចទៅកាន់វិទ្យាស្ថាន Drone នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិរបស់ប្រទេសកូរ៉េខាងជើង។
យន្តហោះគ្មានមនុស្សបើកនេះគឺមានពណ៌ស ដែលមានកន្ទុយ និងស្លាបរាងអក្សរ X បានធ្លាក់ចូល និងបំផ្លាញគោលដៅដែលស្រដៀងនឹងរថក្រោះប្រយុទ្ធដ៏សំខាន់ K-2 របស់កូរ៉េខាងត្បូង។
ទីក្រុងព្យុងយ៉ាងបានបង្កើនសមត្ថភាពធ្វើសង្គ្រាមយុទ្ធសាស្ត្ររបស់ខ្លួន ពាក់ព័ន្ធនឹងមីស៊ីលរយៈចម្ងាយខ្លី និងកាំភ្លើងធំធុនធ្ងន់ សំដៅវាយប្រហារកូរ៉េខាងត្បូង បន្ទាប់ពីមានការជឿនលឿនយ៉ាងខ្លាំងនៅក្នុងកម្មវិធីមីស៊ីលផ្លោង និងនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយរបស់ខ្លួន ដើម្បីផ្គើននឹងទណ្ឌកម្មអន្តរជាតិ។
ការសាកល្បងយន្តហោះគ្មានមនុស្សបើកនេះ ធ្វើឡើងនៅពេលដែលយោធាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធទ្រង់ទ្រាយធំ ក្នុងគោលបំណងពង្រឹងសមត្ថភាពរួមគ្នារបស់ពួកគេ ដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






