ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានបញ្ជាក់ថា គណៈប្រតិភូក្លិបឆ្នេរទាំង អស់បានបង្ហាញពីក្តីរីករាយ និងបានកោតសរសើរកម្ពុជា ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍតំបន់ឆ្នេរសមុទ្របានស្អាត និងមានភាពទាក់ទាញ ស័ក្តិសមជាសមាជិកក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក និងមិនខកបំណង ដែលបានបញ្ចូលកម្ពុជាជាសមាជិកក្លិបឆ្នេរនោះឡើយ។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងយ៉ាងដូច្នេះនាពេលដែលប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកល លោក ធ្វើដំណើរតាមអូប័រទៅទស្សនានៅតំបន់ព្រៃកោងកាងនៅពាមក្រសោប ខេត្តកោះកុង និងបានបន្តដំណើរទស្សន កិច្ចនៅឆ្នេរឋានសួគ៌ ខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដើម្បីស្វែងយល់បន្ថែមពីភាពរីកចម្រើននៃតំបន់ឆ្នេរសមុទ្រនៅកម្ពុជា។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងដូចនេះថា «ក្រោយកូវីដ១៩នេះ ការរៀបចំឱ្យមានព្រឹត្តិការណ៍ប្លែកៗសម្រាប់ទាក់ ទាញភ្ញៀវទេសចរពិភពលោក ឬព្រឹត្តិការណ៍បុណ្យសមុទ្រនេះ គឺជាការរៀបចំឱ្យមានផលិត ផលទេសចរណ៍មួយដ៏ល្អ ដែលយើងបានបង្ហាញមិនត្រឹមតែសម្រាប់ប្រជាជនយើងក្នុងស្រុកទេ តែក៏ជាការបង្ហាញដល់ពិភព លោកតាមរយៈការផ្សព្វផ្សាយរបស់យើង និងតាមរយៈគណៈប្រតិភូក្លិបឆ្នេរស្អាតបំផុតនៅទូទាំងសាកលលោកបានមកឃើញ ហើយអត់មានអ្នកណាមួយ ដែលមិនសរសើរយើងនោះទេ»។
ឯកឧត្ដម ថោង ខុន បានគូសបញ្ជាក់ទៀតថា ការៀបចំតុបតែងទីក្រុងរបស់កម្ពុជា បានធ្វើឱ្យគណៈប្រតិភូទាំង អស់មានការភ្ញាក់ផ្អើល និងបានសរសើរថានេះគឺជាទីក្រុងដែលពោពេញដោយភ្លើងលម្អ និងមានភ្ញាក់ផ្អើលចំពោះអ្វីដែលជាការរីកចម្រើនរបស់កម្ពុជា ជាមួយនឹងការមើលឃើញពីទេសភាពស្អាតនៅតាមដងផ្លូវរបស់កម្ពុជា ពិសេសស្រុក ទេសដែលមានសុខសន្តិភាព និងការគ្រប់គ្រងកូវីដ១៩បានល្អ ដែលធ្វើឱ្យពួកគេអាចធ្វើដំណើរបានដោយសេរី។
ជាមួយនឹងការរៀបចំឆ្នេរសមុទ្រឱ្យបានស្អាតនេះដែរ លោករដ្ឋមន្ត្រី ថោង ខុន បានប្ដេជ្ញានឹងខិតខំការពារទឹកសមុទ្រ ព្រោះប្រសិនបើទឹកសមុទ្រត្រូវបានបំផ្លាញ បំពុលហើយ គ្មានទេសចរណាមកលេងសមុទ្រទេ ដូច្នេះត្រូវខិតខំឱ្យមានការយល់ដឹងមុនគេថានៅសមុទ្រត្រូវការពារទឹកសមុទ្រមុនគេ ត្រូវតែមានសមុទ្រស្អាត ត្រូវតែមានឆ្នេរស្អាត ហើយត្រូវតែជាទីក្រុងដែលមានទឹកហូរចូលសមុទ្រជាទឹកស្អាតផងដែរ៕






