ក្រុមហ៊ុនផលិតឱសថជប៉ុន Kobayashi Pharmaceutical. បាននិយាយថា ប្រធានក្រុមហ៊ុនរបស់ខ្លួនបានលាលែងពីតំណែងដើម្បីទទួលខុសត្រូវចំពោះបញ្ហាសុខភាព និងការស្លាប់ដោយសារ ការទទួលទានអាហារបំប៉នគ្រាប់ធញ្ញជាតិក្រហមរបស់ខ្លួន។
ការលាលែងពីតំណែងរបស់ប្រធាន Kazumasa Kobayashi និងប្រធាន Akihiro Kobayashi សមាជិកទាំងពីរនៃគ្រួសារស្ថាបនិករបស់ក្រុមហ៊ុនត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំពិសេសមួយរបស់ក្រុមប្រឹក្សាភិបាលនៅមុនថ្ងៃនោះ។
យោងតាមក្រុម ហ៊ុន Kobayashi Pharmaceutical ចំនួនអ្នកស្លាប់ដែលត្រូវការការស៊ើបអង្កេតទាក់ទងនឹងការទទួលទានអាហារបំប៉នរបស់ខ្លួនបានកើនឡើងដល់ ១០១ នាក់គិតត្រឹមថ្ងៃអាទិត្យនេះ រួមទាំងមនុស្ស ៤ នាក់ដែលក្រុមហ៊ុនបានប្រកាសកាលពីខែមីនាថាបានស្លាប់បន្ទាប់ពីទទួលទានអាហារបំប៉នជាមួយបាយក្រហម ឬ ហៅថា Beni-koji ។ ក្រុមហ៊ុនឱសថយក្សដែលមានមូលដ្ឋាននៅទីក្រុងអូសាកាក៏បានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតជុំវិញការដោះស្រាយបញ្ហារបស់ខ្លួនផងដែរ ដោយទទួលស្គាល់ការពន្យារពេលក្នុងការជូនដំណឹងដល់អ្នកប្រើប្រាស់អំពីហានិភ័យដែលអាចកើតមាន៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






