ឯកឧត្តម វឿង ឌីញហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភា នៃប្រទេសវៀតណាម បានស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅថែមទៀតរវាងប្រទេសទាំងពីរកម្ពុជា និងវៀតណាម និងឲ្យបានគ្រប់វិស័យ។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ នៅវិមានសន្តិភាព។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម វឿង ឌីញហ្វេ
បានគោរពសម្ដែងនូវការរីករាយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសក្នុងខួប៥០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលមានកម្មវិធីជាច្រើនបានរៀបចំឡើងក៏ដូចជាការផ្លាស់ប្ដូរទស្សនកិច្ចទាំងថ្នាក់ដឹក នាំ ទាំងរវាងប្រជាជននិងយុវជន។ ឯកឧត្តមក៏បានសម្ដែងសេចក្តីរីករាយជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជ កម្ម។ ក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងដល់១០ ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ។
ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូន ចំពោះឯកឧត្តម វឿង ឌីញហ្វេ ចំពោះការវាយតម្លៃនៃទំនាក់ ទំនងរវាងប្រទេសទាំងពីរផង និងលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផង។សម្ដេចតេជោ បានឯកភាពជាមួយសំណើ របស់ឯកឧត្តមប្រធានសភាវៀត ណាម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដៃគូសេដ្ឋកិច្ចល្អគឺនាំទៅដល់ការលើកកម្ពស់ទំនាក់ទំនងទាំងផ្នែកនយោបាយនិងវិស័យដទៃទៀត៕