ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន ២០២២ មានប្រសាសន៏ថា បញ្ហា និងងភាពតានតឹងជាច្រើន ដែលសកលលោកកំពុងតែប្រឈម កំពុងបង្អាក់កិច្ចខិតខំប្រឹងប្រែងដ៏លំបាកកន្លងមករបស់យើង នៅក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបានបង្កទុក្ខលំបាកជាអនេក ដល់ការរស់នៅរបស់ប្រជាជនយើងទាំងអស់គ្នា។ ក្នុងកិច្ចប្រជុំកំពូលអាស៊ី-បូព៌ាលើកទី១៧ [17th East Asia Summit (EAS)] នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន មានប្រសាសន៏ កិច្ចប្រជុំកំពូលអាស៊ី-បូព៌ា កំពុងដើរតួជាវេទិកាសន្ទនា ក្នុងកម្រិតយុទ្ធសាស្រ្ដដ៏សំខាន់ នៅក្នុងចំណោមវេទិកាពហុភាគីធំៗ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីបូព៌ាទាំងមូល និងតំបន់ពាក់ព័ន្ធដទៃទៀត។ សម្តេចតេជោ បន្ថែមថា បញ្ហា និងងភាពតានតឹងជាច្រើន ដែលសកលលោកកំពុងតែប្រឈម កំពុងបង្អាក់កិច្ចខិតខំប្រឹងប្រែងដ៏លំបាកកន្លងមករបស់យើង នៅក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបានបង្កទុក្ខលំបាកជាអនេក ដល់ការរស់នៅរបស់ប្រជាជនយើងទាំងអស់គ្នា ។ នេះក៏ជាសារដាស់តឿនមួយផងដែរថា យើងត្រូវរួបរួមគ្នាក្នុងការថែរក្សាផលប្រយោជន៍រួម ដើម្បីកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់អ្នកជំនាន់ក្រោយ និងត្រូវធានាឱ្យបានថា កិច្ចសហប្រតិបត្តិការរបស់យើងរឹងមាំជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាសង្កត់ធ្ងន់ថា ក្នុងនាមជាប្រធានអាស៊ាន បានជ្រើសរើសមូលបទសម្រាប់ឆ្នាំនេះ គឺ៖ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ នេះគឺជាបំណងប្រាថ្នារបស់យើង ដើម្បីបំផុសស្មារតី «ការរួបរួមគ្នា» ទាំងនៅក្នុងក្របខណ្ឌអាស៊ាន និងអាស៊ីបូព៌ាទាំងមូល សំដៅជំរុញការប្រកាន់ខ្ជាប់នូវស្មារតីពហុភាគីនិយម ដែលបើកចំហ និងប្រកបដោយបរិយាបន្ន, ភាពជាក់ស្តែងនិយម, និងការគោរពគ្នាទៅវិញទៅមក នៅក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលគំរាមមកលើអត្ថិភាព និងភាពជាយុទ្ធសាស្រ្តរបស់យើង។
សម្តេចតេជោ សង្ឃឹមថា កិច្ចពិភាក្សាទៅលើសមិទ្ធផល និងការកំណត់ទិសដៅអនាគត នៅក្នុងបរិបទនៃបញ្ហាតំបន់ និងសកល ដែលខ្ញុំបានរៀបរាប់ខាងលើ នឹងប្រព្រឹត្តទៅប្រកបដោយភាពស្ថាបនា និងបើកចំហ។ សម្តេចតេជោ មានសុទិដ្ឋិនិយមថា ទោះបីជាយើងមានភាពមិនចុះសម្រុងគ្នាខ្លះក៏ដោយ ក៏កិច្ចប្រជុំ នាថ្ងៃនេះ នឹងទទួលបាននូវលទ្ធផលប្រកបដោយផ្លែផ្កា ព្រោះយើងទាំងអស់គ្នាបានបង្ហាញនូវការប្តេជ្ញាចិត្តចំពោះគោលដៅតែមួយ ពោលគឺ ការកសាងសកលលោកមួយ ដែលប្រកបដោយ សន្តិភាព សុខដុមភាព និងវិបុលភាព ដែលនេះ គឺជាតួនាទីដ៏ឧត្តុង្គឧត្តមនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។
សូមជម្រាបថា EAS មានសមាជិកចំនួន ១៨ប្រទេស រួមមាន៖ សមាជិកអាស៊ានទាំង ១០ (ASEAN Countries) អូស្រា្តលី ចិន ឥណ្ឌា ជប៉ុន ណូវែលហ្សេឡង់ សាធារណដ្ឋកូរ៉េ រុស្ស៉ី និងអាមេរិក។ នៅឆ្នាំ២០២១ សមាជិក EAS តំណាងឱ្យ ៥៣.១ភាគរយ នៃចំនួនប្រជាជនពិភពលោក ហើយស្មើនឹង ៥៩.៥ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ដែលមានតម្លៃប៉ាន់ស្មាន ៥៧.២ទ្រីលានដុល្លារ៕







